ភ្នំពេញ៖ ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានមានព្រះរាជបន្ទូលថា ក្នុងរយៈពេលកន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារ ប្រកបដោយថាមពលខ្លាំងក្លា ដោយបានប្រជុំពិភាក្សា និងអនុម័តនូវសេចក្តីព្រាង ច្បាប់ជាច្រើនដើម្បីបម្រើ ដល់ផលប្រយោជន៍ប្រជាជាតិ និងសម្របទៅនឹងការវិវត្ត នៃនយោបាយសកលនាពេលបច្ចុប្បន្ន ដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងពិបាកប៉ាន់ស្មានទុកជាមុនបាន។
ជាមួយនេះ ឆ្លៀតពេលដ៏មមាញឹកក្នុងតួនាទី និងភារកិច្ចខាងលើ រដ្ឋសភាក៏បានធ្វើការពិនិត្យ សិក្សានិងស្វែងយល់នូវការ អនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទៅតាមវិស័យរៀងៗខ្លួន យ៉ាងសស្រស្រស្រាក់ស្រស្រាំ ព្រមទាំងបានដោះស្រាយ នូវបញ្ហាប្រឈមជាច្រើនជូនប្រជាពលរដ្ឋ ហើយចំពោះបញ្ហាដែលនៅសេសសល់ រដ្ឋសភាក៏បានទទួលយក និងកំពុងចាត់ចែងទៅតាមនីតិវិធីរបស់រដ្ឋសភាផងដែរ។
ព្រះរាជសារដដែលបានបញ្ជាក់ទៀតថា៖ បន្ថែមពីនេះរដ្ឋសភា ក៏បានពង្រឹងតួនាទី និងលើកកម្ពស់ ការអភិវឌ្ឍ សមត្ថភាពស្ថាប័ន ដើម្បីឆ្លើយតបឱ្យ បានសមស្របតាមទិសដៅ នៃការកែទម្រង់ឱ្យទទួលបានលទ្ធផល ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្តវាងវៃ និងមោះមុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល១ឆ្នាំមក នេះ បានធ្វើឱ្យនស្ថានភាពសេដ្ឋកិច្ចបន្តកើន ឡើងជាលំដាប់ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗជាច្រើន។ ស្របពេលជាមួយនេះ ដើម្បីបន្តរក្សាបាននូវសន្តិភាព សន្តិសុខ និងកំណើនសេដ្ឋ កិច្ចឆ្ពោះ ទៅរកការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាបន្ន រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីគោលនយោបាយ និងវិធានការគន្លឹះ ក្នុងយុទ្ធសាស្ត្របញ្ចកោណ និងជំរុញការកែទម្រង់លើវិស័យសំខាន់ៗយ៉ាងម៉ត់ចត់ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងសេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគុណភាពជូនប្រជាពលរដ្ឋ។
ក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ ព្រះករុណា ព្រះមហាក្សត្រ បានកោតសរសើរដ៏ស្មោះចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុផារី ប្រធានរដ្ឋសភា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ និងលោក វង សូត អនុប្រធានទី២ ដែលបានដឹកនាំរដ្ឋសភាដោយឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់ ព្រមទាំងសមាជិក សមាជិកា រដ្ឋសភាគ្រប់ រូប ដែលបានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផល យ៉ាងច្រើន ជាឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន គួរជាទីមោទនៈ។
ព្រះករុណា សូមឱ្យស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព ការលើកកម្ពស់ជីវភាព ប្រជាជននិង សម្រេចបាននូវកំណើនសេដ្ឋកិច្ចសង្គម ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាមួយនេះដែរ ព្រះករុណា សូមឱ្យបងប្អូនជនរួម ជាតិទូទាំងប្រទេស បន្តចូលរួមថែរក្សាសាមគ្គីភាព និងឯកភាពជាតិ ឱ្យកាន់តែរឹងមាំ ដើម្បីថែរក្សាជំរុញនាវាកម្ពុជានៃយើង ឆ្ពោះទៅរកការអភិវឌ្ឍ សម្បូរសប្បាយ ដូចអារ្យប្រទេសនានានៅលើ សកលលោក៕SRN