ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ថ្លែងថា រយៈពេលជាង៣០ឆ្នាំមកនេះ កម្ពុជាបានប្រែក្លាយដីមីនទៅជាដីមាសស្ទើរទូទាំងប្រទេស ក្រោមការអនុវត្តន៍នូវ នយោបាយ ឈ្នះ ឈ្នះ ដោយរំដោះផ្ទៃដីពីគ្រាប់មីនសម្រេចបានចំនួនជាង៣ពាន់គីឡូម៉ែតក្រឡា សម្រាប់លំនៅឋាន និងការអភិវឌ្ឍ ដែលធ្វើឱ្យប្រជាជនកម្ពុជារស់នៅប្រកបដោយសេចក្តីសុខ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពឆ្ពោះទៅរកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានមានប្រសាសន៍ថា កត្តាដែលធ្វើឱ្យប្រទេសកម្ពុជាទទួលបានប្រសិទ្ធភាពខ្ពស់លើការងារបោសសម្អាតមីន គឺដោយសារការដាក់ចេញនូវគោលនយោបាយ ឆន្ទៈ ទស្សនវិស័យ និងការគាំទ្ររបស់ថ្នាក់ដឹកនាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទោះក្នុងតម្លៃណាក៏ដោយ គឺត្រូវតែដោះស្រាយបញ្ហាគ្រាប់មីនឱ្យអស់ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលមកដល់បច្ចុប្បន្ននេះ មានខេត្តចំនួន១៥ហើយ ដែលបានប្រកាសជាខេត្ត «គ្មានមីន» ។
ឯកឧត្តមបណ្ឌិត បានបន្តថា កត្តាចម្បងមួយទៀតនោះ គឺ«រចនាសម្ព័ន្ធដឹកនាំ» ដោយមានអាជ្ញាធរមីនគឺជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ដឹកនាំ និងសម្របសម្រួលការងារបោសសម្អាតមីនទូទាំងប្រទេសទាំងស្រុង ដែលនេះគឺជាប្រសិទ្ធភាពក្នុងការអនុវត្តការងារ ខណៈដែលប្រទេសកម្ពុជាលើវិស័យមីន គឺជាប្រទេសគំរូ ដែលប្រទេសដទៃទៀតបាននិងកំពុងរៀនសូត្រតាម និងកោតសរសើរយ៉ាងខ្លាំង ។
« កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ ពីភ្លើងសង្គ្រាមមករកសន្តិភាព ពីការលំបាកគ្រប់បែបយ៉ាងមកជាប្រទេសមួយ ដែលមានស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ពីប្រទេសមួយដែលជាដីមីនប្រែក្លាយទៅជាដីមាសនៅទូទាំងប្រទេស ដូច្នេះបទពិសោធសមិទ្ធផលជាប្រវត្តិសាស្ត្រទទួលបានពីនយោបាយឈ្នះ ឈ្នះ តាមរយៈភាពឈ្លាសវៃនិងមគ្គុទ្ទេសក៍ដ៏ឆ្នើម បិតាសន្តិភាពរបស់យើង គឺសម្ដេចតេជោ ហ៊ុន សែន នេះ ដែលបាននាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ បានធ្វើឱ្យកម្ពុជាស័ក្តិសមជាប្រទេសដែលធ្វើជាប្រធានអនុសញ្ញាអូតាវ៉ានិងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពី«ពិភពលោកគ្មានមីន» ពេលខាងមុខនេះ » ។
ឯកឧត្ដមបណ្ឌិត បានបន្តទៀតថា ចំពោះតំបន់ដែលនៅសេសសល់គ្រាប់មីនច្រើនជាងគេ គឺស្ថិតនៅភាគខាងលិចជាប់នឹងព្រំប្រទល់ប្រទេសថៃ ជាតំបន់ព្រៃ តំបន់ភ្នំ តំបន់ខ្ពស់ ដែលមានផលលំបាកច្រើន ក្នុងការនាំយកសម្ភារៈបច្ចេកទេស និងសត្វសុនខ ទៅរំដោះគ្រាប់មីន ។ តែទោះជាតំបន់ទាំងនោះមានបញ្ហាប្រឈមខ្ពស់ក៏ពិតមែន ក៏ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្ត របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានចាត់ទុកតំបន់ទាំងនោះ ជាតំបន់អាទិភាព ដែលត្រូវតែបន្តដោះស្រាយ។
សូមបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា ត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង ហើយកម្ពុជាគឺជាប្រទេសទី៥នៅលើសកលលោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ីដែលបានធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលនេះ ។ កិច្ចប្រជុំលើកទី១ធ្វើឡើងនៅប្រទេសកេនយ៉ាក្នុងឆ្នាំ២០០៤ លើកទី២នៅប្រទេសកូឡុំប៊ី ឆ្នាំ២០០៩ លើកទី៣នៅប្រទេសម៉ូសំប៊ិក ឆ្នាំ២០១៤ លើកទី៤នៅប្រទេសន័រវេស ឆ្នាំ២០១៩ និងលើកទី៥នៅប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ៕