ខេត្តព្រៃវែង៖ នៅព្រឹកទី០១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពាមរក៍ ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់់ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ទូទាំងស្រុកពាមរក៍ និងប្រគល់កុំព្យូទ័រនិងថវិការជូនសិស្សនិទ្ទេសA ឆ្នាំ២០២៤នៅ វិទ្យាល័យ ហ៊ុន សែន ពាមរក៍ ស្ថិតក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុកពាមរក៍ លោក ឈិន សាវ៉ាត ប្រធានក្រុមប្រឹក្សាស្រុកពាមរក៍។ លោក កែវ ពិសី អភិបាល នៃគណៈអភិបាលស្រុកពាមរក៍ អស់លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវកិត្តិយស លោកនាយក លោកស្រីនាយិកា លោកនាយករង លោកស្រីនាយិការង និងលោកគ្រូ អ្នកគ្រូ សាលាមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ទូទាំងស្រុកពាមរក៍។
ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា, តាមរយៈខ្ញុំ ខ្ញុំសូមពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខចំពោះលោកគ្រូ អ្នក គ្រូ ដែលមានវត្តមាននៅទីនេះពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង។
ទន្ទឹមនេះ ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងបំពេញ ការងាររបស់លោកនាយកសាលា និងលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សាអប់រំ ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ ក្រោមការគ្រប់គ្រងនិងណែនាំរបស់ការិយាល័យអប់រំស្រុក មន្ទីរអប់រំខេត្ត ដើម្បីរៀបចំ និងចាត់ចែងដំណើរ ការបង្រៀនប្រព្រឹត្តទៅដោយរលូន និងស្របតាមផែនការយុទ្ធសាស្ត្រអប់រំដែលបានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា រហូតទទួលបានលទ្ធផលគួរជាទីមោទនភាព។ ជាលទ្ធផលនៃការប្រឡងរបស់សិស្សក្នុងឆ្នាំ ២០២៤ ស្រុកពាមរក៏ទទួលបានលទ្ធផលល្អ ដោយនៅក្នុងចំណោមបេក្ខជនចំនួន៣១៧ នាក់ បានប្រឡង ជាប់ចំនួន ២៤៥ នាក់ ស្មើនឹង៧៧,២៩% ហើយសិស្សជាប់ចំណាត់ថ្នាក់និទ្ទេស A ចំនួន ០៥ នាក់ (ស្រី៤ នាក់) និងនិទ្ទេស B ចំនួន ១៧ នាក់ ។ ឯកឧត្តម សន្តិបណ្ឌិត បានបន្តទៀតថា, តាមរយៈលទ្ធផលនេះបានបង្ហាញឲ្យឃើញថា សិស្សនិទ្ទេស A បាន កើនឡើង ១ នាក់ បើប្រៀបធៀបនឹងលទ្ធផលឆ្នាំ២០២៣ ហើយក៏ជាការឆ្លុះបញ្ចាំងច្បាស់ថា លោកគ្រូ អ្នកគ្រូ បានយកចិត្តទុកដាក់លះបង់កម្លាំងកាយ ចិត្តក្នុងការបង្ហាត់បង្រៀនដល់សិស្សានុសិស្សទាំងអស់ប្រកបដោយ ស្មារតីទទួលខុសត្រូវ។ សិភាសិតខ្មែរ បាននិយាយថា ” ទំពាំងស្នងឫស្សី “ ប៉ុន្តែ បើទំពាំងដុះខុសដី វាមិនអាច លូតលាស់ល្អបានទេ មានន័យថា សិស្សដែលទទួលបានការសិក្សាល្អមានសមត្ថភាពពេញលេញ គឺសុទ្ធតែ បានផុសចេញពីថ្នាលនៃការបណ្តុះបណ្តាលអប់រំរបស់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំផ្ទេរចំណេះដឹងដល់ សិស្សស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ។ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានគួរបញ្ជាក់បន្ថែមទៀតថា, ជាមួយនឹងការអបអរសាទរចំពោះក្មួយៗដែលទទួលបាននិទ្ទេស A ទាំង ៥ រូប នៅថ្ងៃនេះយើងក៏សូម អបអរសាទរផងដែរចំពោះតួអង្គដែលបានចូលរួមនៅក្នុងការធ្វើឲ្យក្មួយៗសម្រេចបានលទ្ធផលល្អ គឺតួអង្គ(១)ក្មួយៗសិស្សានុសិស្សខ្លួនឯង ជាតួអង្គដ៏សំខាន់ជាអ្នកកំណត់ការខិតខំរៀនសូត្រ ហើយហ្មត់ចត់នៅក្នុងការ ជម្រះឧបសគ្គនានាមិនថាជីវភាពគ្រួសារស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ តួអង្គ(២) គឺលោកគ្រូ អ្នកគ្រូ ក្មួយៗសម្រេចបាននូវកម្រិតថ្នាក់ទី១២ ជាប់និទ្ទេស A ព្រោះការបណ្តុះបណ្តាលមានទាំងនៅក្នុងសាលា និង នៅក្រៅសាលារៀន គឺក្មួយៗទទួលបានលទ្ធផលទាំងនេះ អាស្រ័យដោយគុណលោកគ្រូ អ្នកគ្រូតាំងពីសាលា មត្តេយ្យ បឋម រហូតដល់មធ្យមសិក្សា។ ជាពិសេស លោកគ្រូ អ្នកគ្រូថ្នាក់ទី១២ ដែលបានខិតខំបង្រៀនដើម្បី ឲ្យយើងបានទទួលនូវលទ្ធផលល្អទាំងនេះ។ អំណោយដែលបានផ្តល់ជូនរួមមាន÷ ផ្តល់កុំព្យូទ័រជូនដល់សិស្សនិទ្ទេស A ៥នាក់ក្នុងម្នាក់កុំព្យូទ័រ១គ្រឿងថវិការ៥០ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ៥២៤នាក់ ក្នុងម្នាក់ថវិការ៥ម៉ឺនរៀ ជូនដល់កីឡាការនីបាល់ទះថវិការ១លានរៀល និងឧបត្ថម្ភដល់កីឡាករពានរង្វាន់ឯកឧត្តមអភិ សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថវិការ១៤លានរៀល៕ដោយ៖ សិរី នាគ