Breaking News

បញ្ចូនខ្លួនជនសង្ស័យ ៥នាក់ ទៅតុលាការ​ ពាក់ព័ន្ធករណីលួចសកម្មក្នុងមូលដ្ឋាន​ និងកាន់កាប់អាវុធខុសច្បាប់

ភ្នំពេញ​៖ ជនសង្ស័យចំនួន​ ៥នាក់ ជាប់ពាក់ព័ន្ធករណីលួចយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត​ ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា ចាប់បញ្ចូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

មុនការបញ្ចូនខ្លួនទៅកាន់តុលាការ នគរបាលខណ្ឌ៧មករា ក៏បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យជាសាធារណៈផងដែរ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ។

លោកវរសេនីយ៍ទោ វ៉ាន រតនា អធិការរងនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ក្រុមជនសង្ស័យទាំងនេះ ជាមុខសញ្ញាលួចយ៉ាងសកម្ម និងកាន់កាប់អាវុធដោយខុសច្បាប់។ ក្រុមនេះធ្វើសកម្មភាពពេលយប់ ដោយប្រើប្រាស់រ៉ឺម៉កម៉ូតូ ជិះចល័ត លួចសម្ភាររបស់ប្រជាពលរដ្ឋគ្រប់ប្រភេទ និងមានសម្ភារកន្រ្តៃកាត់ដែក កូនសោរកាច់ករ និកាំបិត ផងដែរ។

មុនឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យទាំងនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទាំង៨នៃអធិការដ្ឋាន​ បានល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន​ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ខណៈកំពុងល្បាតនោះក៏ប្រទះឃើញក្រុមជនសង្ស័យចំនួន៥នាក់​ កំពុងជិះម៉ូតូរ៉ឺម៉កធ្វើដំណើរតាមផ្លូវលេខ៣៣៦ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា។ ដោយមានការសង្ស័យកម្លាំងបានធ្វើការនាំមកអធិការរួចឆែកមើល មានសម្ភារសម្រាប់ធ្វើសកម្មភាព។

ក្នុងការឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ សមត្ថកិច្ចដកហូតវត្ថុតាង​ រួមមាន កាំបិតសាំងគីមដងរុំក្រណាត់ចំនួន១, រណាអារដែក, ដង្កាប់ដងជ័រពណ៌ក្រហម​ និងខ្មៅ,​ កន្រ្តៃកាត់ខ្សែភ្លើង, កន្រ្តៃកាត់ដែក,​ ដែកលួសសម្រប់ឆ្កឹះសោរ, ដែកចុងស្រួចដងឈើ, ដែកឆាបចុងស្រួចចំនួន២ និងក្រាមសថ្លា១កញ្ចប់តូច​ និងឧបករណ៍ប្រើប្រាស់សារធាតុញៀន ។

សូមបញ្ជាក់ថា​ ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសនេះដែរ កន្លងទៅ លោក​ ថេង សុថុល អភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ តែងតែបានក្រើនរម្លឹកនិងចង្អុលបង្ហាញជាបន្តបន្ទាប់ ទៅកាន់សមត្ថកិច្ចទាំង​ ២ប្រភេទ ឱ្យបង្កើននូវការយកចិត្តទុកដាក់ខ្ពស់បំផុត លើកិច្ចការងារសន្តិសុខ ទាំងការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសតូចធំទាំងអស់ក្នុងមូលដ្ឋាន ក្នុងគោលដៅធានាបានសន្តិសុខសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *