Breaking News

ជូនមិត្តភ័ក្រទៅផ្ទះ ត្រូវក្រុមក្មេងទំនើងកាប់ស្ទើ ស្លាប់ ចុងក្រោយបញ្ចប់រឿង ក្រៅប្រព័ន្ធតុលាការ ត្រឹមសំណង៣,០០០ដុល្លារ

កំពង់ស្ពឺ ៖ ជនរងគ្រោះម្នាក់ ក្នុងចំណោម ៣នាក់ ជិះម៉ូតូជាមួយគ្នាបានរងរបួសស្ទើរបាត់បង់ជីវិត ដោយរងនូវការវាយ និងកាប់ប្រហារពីសំណាក់ក្រុមក្មេងទំនើងប្រចាំស្រុកកងពិសី។ ចុងក្រោយភាគីរងគ្រោះត្រូវបានសម្របសម្រួលបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ នៅអធិការដ្ឋានគរបាលស្រុកត្រឹមសំណង ៣,០០០ដុល្លារ។

ប្រភពបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅចំណុចភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី មានករណីក្មេងទំនើងដេញកាប់អ្នកដំណើរ បណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរព្យាបាលឯកជនអង្គមេត្រី។

ប្រភពបន្តថា ក្រោយមកក្រុមជនបង្កទាំងនោះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកគងពិសី ដែលដឹកនាំដោយលោកវរសេនីយ៍ទោ អៀង សុភា អធិការង តាមបង្ក្រាបរហូតឃាត់ខ្លួនបានក្រុមទាំងនោះមួយក្រុម តែសមត្ថកិច្ចមិនបានបង្ហាញអត្តសញ្ញាណក្រុមជនបង្កទាំងនោះឡើយ។ អ្នកខ្លះបានខ្សឹបខ្សៀវគ្នាថា សមត្ថកិច្ចឃាត់បាន ៥នាក់ រីឯអ្នកខ្លះទៀតថា ចាប់បានតែ ៣នាក់ប៉ុណ្ណោះ។ ក្រោយពីឃាត់បានសមត្ថកិច្ចបានបញ្ជូនក្រុមក្មេងទំនើងទាំងនោះ ទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធី។ ចំណែកជនរងគ្រោះនៅសម្រាកព្យាបាលនៅពេទ្យនៅឡើយ។

ប្រភពបន្តទៀតថា នៅថ្ងៃដដែល ស្រាប់តែសាច់ញាតិក្រុមជនបង្កបានស្នើសុំឲ្យសមត្ថកិច្ចទុកពេលឱ្យពួកគេចរចាគ្នា បន្ទាប់មកភាគីបង្កសុំសងសំណងទៅភាគីរងគ្រោះចំនួន ៣ពាន់ដុល្លារ ទៅជនរងគ្រោះដោយមានប្រពន្ធរបស់ជនរងគ្រោះជាអ្នកទទួលលុយតែអ្វីដែលជាការមន្ទិលរបស់ភាគីបង្ក គឺដើមបណ្ដឹងឈ្មោះ ស៊ុ នៀង និងឈ្មោះ ម៉េង មិនព្រមដកពាក្យបណ្ដឹងនោះទេ ទំនងប្រហែលជាអាចខឹងប្រពន្ធជនរងគ្រោះឈ្មោះ គរដ្ឋា ទទួលលុយបានហើយមិនចែកគ្នា។

ដោយឡែក ប្រភពពីសាច់ញាតិជនរងគ្រោះបានប្រាប់ផងដែរថា ជនរងគ្រោះ៣នាក់ ឈ្មោះ គរដ្ឋា អាយុ ២៣ឆ្នាំ ឈ្មោះ ម៉េង និងឈ្មោះ ស៊ុ នៀង អាយុប្រហាក់ប្រហែលគ្នា អ្នកទាំងបីមានស្រុកកំណើតនៅភូមិត្រពាំងទឹកជ្រៅ ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមុនកើតហេតុ ស្នាក់នៅផ្ទះជួលធ្វើការរោងចក្រក្នុងភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មុនពេលកើតហេតុ នៅរោងចក្រមានកម្មវិធីជួបជុំគ្នារហូតដល់យប់។ ពេលនោះ អ្នកទាំងបីបានជូនមិត្តភ័ក្រផ្សេងទៀតទៅផ្ទះនៅភូមិកើតហេតុខាងលើ។ ពេលទៅដល់ ក៏ត្រូវក្រុមក្មេងទំនើងស្ទាក់កាប់ និងវាយ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ក្រោយកើតហេតុ អ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅកន្លែងព្យាបាលវត្តអង្គមេត្រី ហើយក៏បានដឹងថា ក្រុមជនបង្កត្រូវបានសមត្ថកិច្ចចាប់បានទាំងយប់ផងដែរ។

បន្ទាប់ពីរឿងនេះ ត្រូវបានបែកធ្លាយថា សមត្ថកិច្ចនគរបាលស្រុកគងពិសី មិនកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ហើយបែរជាបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ ដូច្នេះ មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌខេត្តមួយរូបបានលើកឡើងថា «ជាធម្មតារឿង ព្រហ្មទណ្ឌអធិការអធិការរងទទួលបន្ទុក ត្រូវតែកសាងរឿងបញ្ជូនមកថ្នាក់លើ ដើម្បីបន្តនីតិវិធីទៅអយ្យការ មិនត្រូវដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការបែបនេះទេ។ រឿងនេះកន្លងមក លោកស្នងការធ្លាប់បានប្រកាសហើយថា លោកអធិការក្រុង-ស្រុកទាំងអស់ មិនត្រូវដោះរឿងព្រហ្មទណ្ឌនៅស្រុកនោះទេ។ បើខុសលោកមិនចូលរួមខុសជាមួយឡើយ»។

មហាជនដែលដឹងរឿងបានលើកឡើងផងដែរថា ករណីនេះគួរតែឃាត់ខ្លួនបញ្ជូនក្រុមជនបង្កយកមកប្រគល់ឲ្យច្បាប់ចាត់ការបន្ដ ដើម្បីឲ្យពួកគេរាងចាលកុំឲ្យអាងតែម៉ែឪមានលុយដើរកាប់គេហើយសងលុយបញ្ចប់រឿងមានសេរីភាព ដើរហើរដោយសេរីបែបនេះតទៅទៀត។ អ្នកខ្លះទៀតលើកឡើងផងដែរថា ទំនងជាបានសើមមាត់សើមកខ្លះហើយ បានជាទុកពេលឲ្យក្រុមជនបង្កមានឱកាសចចារ ហើយនាំគ្នាលាក់រឿងមិនរាយការណ៍ទៅថ្នាក់លើ និងលាក់អត្តសញ្ញាណក្រុមជនបង្កទៀត ទំនងបានភាគផលច្រើនហើយមើលទៅ។

មានការលើកឡើងទៀតថា ករណីនេះ លោកស្នងការគួរចាត់វិធានការឲ្យជំនាញស្រាវជ្រាវឲ្យបានម៉ត់ចត់ចៀសវាងមានការិះគន់ពីសំណាក់មហាជន៕SRN

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *