ភ្នំពេញ៖ ឆ្នោតកន្ទុយលេខវៀតណាមនៅតែមានប្រជាប្រិយភាពទាក់ទាញតែចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋ ហើយអាជ្ញាធរក៏បានសើមមាត់សើមក ដោយសារល្បែងកន្ទុយលេខនេះដែរ។ បើទោះបីជាអាជ្ញាធរថ្នាក់ក្រុងហាមប្រាមយ៉ាងណាក៏ដោយ ក៏ថ្នាក់មូលដ្ឋានសង្កាត់ខណ្ឌ មិនអាចបង្ក្រាបឬបិទឲ្យជិតចំពោះល្បែងកន្ទុយលេខនេះបានឡើយ។ មានន័យថា បើបិទល្បែងកន្ទុយលេខ ដូចវ៉ៃឆ្នាំងបាយខ្លួនឯងចោលដែរ។
បេីទោះជាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រឹងស្រែកឲ្យមន្ត្រីក្រោមឱវាទខ្លួនបង្ក្រាបជាដាច់ខាតនូវល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន ក្នុងមូលដ្ឋានរាជធានីភ្នំពេញអស់ក៏ដោយ ក៏គេសង្កេតឃើញថា ទីតាំងឆ្នោតវៀតណាមរបស់ ចែលី និងឆ្នោតវៀតណាមយីហោ (LH34) នៅតែបន្តបេីកដំណើរការស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានបាននៅឡើយទេ នៅភូមិសាស្ត្រខណ្ឌ ៧មករា ដេីម្បីកេីបលុយរាប់លានក្នុងមួយថ្ងៃៗ ពីក្រុមអ្នកញៀនល្បែងផ្សងសំណាងប្រភេទនេះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងកត់ឆ្នោវៀតណាមរបស់ ចែលី ជាច្រេីនទីតាំងក្នុងនោះរួមមានទី១ ស្ថិតនៅផ្លូវលេង១៦៤ ក្នុងសង្កាត់ អូរឫស្សីទី៣, ទីតាំងទី២ ស្ថិតនៅផ្លូវឌឿងហែមក្រោយភោជនីយដ្ឋានថ្មដា ប្រមាណជាង១០០ម៉ែត្រ ក្នុងសង្កាត់មនោរម្យ, ទីតាំងទី៣ ស្ថិតនៅផ្លូវលេខ១៦៦ ក្នុងសង្កាត់អូរឫស្សីទី២, ទីតាំងទី៤ ស្ថិត នៅច្រកឌឿងហែមខាងក្រោយហាងគុយទាវអូរឬស្សី ស្ថិតនៅក្នុងសង្កាត់អូរឬស្សីទី៤ និងមានទីតាំងជាច្រើនទៀតនៅក្នុងមូលដ្ឋានខណ្ឌ៧មករា។
ក្នុងនោះដែរ ក៏មានឆ្នោតវៀតណាមខុសច្បាប់ មានស្លាកសម្គាល់ (LH34) មានចំនួន៣ទីតាំងដែរ ដោយទីតាំងទី១- ស្ថិតនៅជាប់ខាងក្រោយសាលាបើកបររថយន្តអាស៊ាន នៅតាមបណ្ដោយផ្លូវ១៦១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករានិងទីតាំងទី២- ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៤ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា និងទីតាំងទី៣-ស្ថិតនៅផ្ទះលេខ១៤៦Eoz តាមបណ្ដោយផ្លូវឌឿងហែមមួយខែ្ស ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។
ប្រជាពលរដ្ឋរង់ចាំមើលថា តើប្រសាសន៍របរបសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សាបដូចទឹកទន្លេ ឬក៏ប្រៃ អាស្រ័យលេីលោក លីម សុភា អភិបាលខណ្ឌ៧មករា និងលោក នេត ស៊ីថុន អធិការខណ្ឌ ៧មករាហើយពេលនេះ បេីទីតាំងឆ្នោតវៀតណាមរបស់ចែលី និងឆ្នោតវៀតណាមយីហោ (LH 34) នៅតែបន្តដេីររាល់ថ្ងៃបែបនេះ។
ប៉ុន្តែភាពស្ងៀមស្ងាត់របស់ថ្នាក់ដឹកនាំខណ្ឌ៧មករា ទាំងអាជ្ញាធរ និងសមត្ថកិច្ចនាំឲ្យពលរដ្ឋសង្ស័យថា អ្នកទាំងនោះទទួលបានលាភសក្ការៈពី ចែ លី ថៅកែឆ្នោតវៀតណាម នោះហើយ បានជាមិនបង្ក្រាបសោះយ៉ាងនេះ។ គេមិនដឹងថាតើការសង្ស័យរបស់ប្រជាពលរដ្ឋជាការពិត ឬយ៉ាងណានោះទេ?
កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ លោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា បានឆ្លើយប្រាប់អ្នកសារព័ត៌មាន ទំនងជាងងុយដេកផងនោះថា លោកកំពុងជារវល់រួចក៏ចុចបិតទូរស័ព្ទ។ ដោយឡែក លោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានប្រាប់ឲ្យដឹងដែរថា ចាំលោកចាត់ឲ្យមន្ត្រីចុះទៅមើលរួចក៏បិតទូរស័ព្ទ៕SRN