ខេត្តកណ្តាល ៖ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជម្នាក់ និងមន្ត្រីផ្នែកប្រឆាំងគ្រឿងម្នាក់ ត្រូវបានជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនបាញ់ប្រហារ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ខណៈបង្ក្រាបគ្រឿងញៀននៅវេលាម៉ោង១២និង១៥នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ចំណុចភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
នេះបើតាមលោកវរសេនីយ៍ឯក មានសំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា នគរបាលដែលត្រូវជនសង្ស័យបាញ់ប្រហារបណ្ដាលឲ្យស្លាប់ចំនួន២នាក់នោះរួមមាន៖
ទី១-លោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍ទួលព្រេជ
ទី២-លោកអនុសេនីយ៍ទោ រឹម សុផាន់ណា មន្ត្រីផ្នែក
គ្រឿងញៀន។ រីឯមន្ត្រីម្នាក់ទៀតរបួសស្រាលលោកអនុសេនីយ៍ត្រី វ៉ន រុទ្ធី មន្ត្រីប៉ុស្តិ៍ទួលព្រេជ។
ចំណែកជនសង្ស័យជាឃាតករ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន បានមានគ្នា២នាក់ ទី១-ឈ្មោះ ធីម ឌឿន ហៅពែក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួន និងម្នាក់ទៀត ពុំទាន់ស្គាល់អត្តសញ្ញាណ។
នៅក្នុងប្រតិបត្តិការបង្រ្កាបនេះដែរ កម្លាំងសមត្ថកិច្ច បានចាប់យកវត្ថុតាងបានមាន៖ អាវុធខ្លី១ដើម របស់ជនសង្ស័យ។ លោកអធិការបានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ហើយជននេះ មានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន០៥ ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ប្រព្រឹត្តនៅភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ទី១-ដីកាលេខ៤០៧ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ របស់លោក អឿង វណ្ណា ចៅជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល។
ទី២-ដីកាលេខ៤៤៨ដកបចខ ចុះថ្ងៃទី២២ ខែកក្តដា ឆ្នាំ ២០២០ របស់លោក ពេជ ម៉ារ៉ែន ចៅក្រមស៊េីបនៃសាលាដំបូងខេត្តកណ្តាល។
ទី៣-ដីកាលេខ៦៨៣ដកបចខ ចុះថ្ងៃទី០៧ ខែ វិច្ចការ ឆ្នាំ ២០២០ របស់លោក ជា សុខហៀង ចៅជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល។
ទី៤-ដីកាលេខ២១៧ដកបចខ ចុះថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២០ របស់លោក រស់ ផុនចាន់និមល ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តកណ្តាល ។
ទី៥-ដីកាលេខ០៣៩ដកបចខ ចុះថ្ងៃទី១៥ ខែ មករា ឆ្នាំ ២០២០១ របស់លោក វ៉ាន់ សុបញ្ញា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល ។
ចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពុង សាងសំណុំរឿង ចាត់ការតាមនីតិវិធី៕SRN