កណ្តាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៣ នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួចយករថយន្តធុនធំមួយគ្រឿង កាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២២ នៅចំណុចមុខឃ្លាំងរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពៅ រ័ត្នសិរី ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ខេត្តកណ្តាល មុខរបរ មេការឃ្លាំង ។ ចំណែកជនសង្ស័យមានគ្នា ៣នាក់ ក្នុងនោះត្រូវសមត្ថកិច្ចឃាត់ខ្លួនម្នាក់ឈ្មោះ វ៉ាត សុវណ្ណ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ រីឯបក្ខពួកគេពីរនាក់ទៀតដែលរត់គេចខ្លួន ទី១-ឈ្មោះ វីត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ និងទី២-ឈ្មោះ ម៉ាប់ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។
មន្ត្រីនគរបាលដដែលបានបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានរថយន្ត មួយគ្រឿងម៉ាក HYUNDAI ពណ៌ស សេរីឆ្នាំ ១៩៩៤ ពាក់ផ្លាកលេខ ភ្នំពេញ 3A-6801 (របស់ជនរងគ្រោះ), ដែក ៨ជ្រុង ចុងសំប៉ែតចំនួន១ ប្រវែង ៨ស.ម, សោរទីបលេខ៨ ចំនួន១, ទូរស័ព្ទម៉ាក OPPO ពណ៌សចំនួន ១គ្រឿង, កូនសោរចំនួន៤ និងកាបូបប្រាក់ម៉ាក GUCCI ពណ៌ខ្មៅចំនួន១ ។
ប្រភពដដែលបានបន្តទៀតថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានចតរថយន្តនៅមុខឃ្លាំងរបស់ខ្លួន ពេលនោះស្រាប់តែក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចយក ហើយជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះ និងក្រុមតៃកុងឡានបាននាំគ្នាតាមស្វែងរកគ្រប់ទីកន្លែង រហូតដល់ផ្លូវជាតិលេខ៥ ម្តុំស្ពានព្រែកព្នៅ ក៏បានឃើញជនសង្ស័យម្នាក់ឈ្មោះ វ៉ាត សុវណ្ណ និងរថយន្ត ក៏បានប្តឹងនគរបាលប៉ុស្តិ៍ព្រែកព្នៅឱ្យជួយឃាត់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកឯជនសង្ស័យពីរនាក់ទៀតបានរត់គេចខ្លួនបាត់ ៕SRN