Breaking News

កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល ធ្វើការបង្ហាញ មុខជនសង្ស័យម្នាក់ដែលជាឈ្មួញជួញដូរអាវុធ ប្រភេទដាវ សាម៉ូរ៉ៃខុសច្បាប់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ ជាឈ្មួញជួញដូរអាវុធខុសច្បាប់ ប្រភេទដាវ សាម៉ូរ៉ៃ កាលពីនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ រួចបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធី។

ជនសង្ស័យមាន ឈ្មោះ ទីវ ឈុនទី ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ លក់ដូរ -ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងដោយ មានការសម្របសម្រួលពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និង លោក វរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈPTTផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រ្តីជំនាញបានឲ្យដឹងថា នៅមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដោយជនសង្ស័យឈ្មោះ ទីវ ឈុនទី បានផ្សព្វផ្សាយដាក់លក់ដាវសាំម៉ូរ៉ៃ នៅលើគណនីហ្វេសប៊ុករបស់ឈ្មោះ Seven Tii និងតាមផេកឈ្មោះ Seven CamboSamoria ក្នុង១ដើមតម្លៃ៥០ដុល្លារ ហើយឲ្យអតិថិជនដែលចង់ទិញដាវសាំម៉ូរ៉ៃអាចទំនាក់ទំនងតាមទូរសព្ទ័ដៃលេខ ផ្ទាល់ខ្លួនបាន។

មន្រ្តីជំនាញបានបន្តទៀតថាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ជនសង្ស័យបានយកដាវសាំម៉ូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រ ទៅប្រគល់ឲ្យអតិថិជននៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈPTTផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកដាវសាំម៉ូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រ ចំនួន ០១ ដើម បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីធ្វើការសាកសួររហូតដល់ វេលាម៉ោង១០ និង ៤០ នាទីយប់ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២ ដោយមានការអនុញ្ញាតដោយផ្ទាល់មាត់តាមរយៈទូរសព្ទ័ដៃពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌបាននាំជនសង្ស័យឈ្មោះ ទីវ ឈុនទី ដោយសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងទំពុន២ និងមានការអនុញ្ញាតពីម្ចាស់ផ្ទះជួលផងនោះបានធ្វើការឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យបន្ទប់លេខ១០៧ ផ្ទះជួលលេខ៣៧០ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹង ទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅចំពោះមុខជនសង្ស័យ រកឃើញវត្ថុតាំងដាវសាំម៉ូរ៉ៃចំនួន ១៩០ដើមបន្ថែមទៀត៕ ដោយ៖ សិរី នាគ

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *