Breaking News

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពជា ប្រកាសដំឡើងប្រាក់បៀវត្សរ៍មន្ដ្រីរាជការ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសថា នឹងមាន ការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ នៅក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ ដោយក្នុងនោះ អ្នកប្រាក់បៀវត្សរ៍តិចដំឡើងច្រើន អ្នកប្រាក់បៀវត្សរ៍ច្រើនដំឡើងតិច។

ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ ការសិក្សាវិជ្ជាជីវៈជាមន្ត្រី បានដោយជោគជ័យ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់សារចរណែនាំ ទាក់ទងនឹងការរៀបចំច្បាប់ថវិកាសម្រាប់ឆ្នាំក្រោយ គ្រោងនឹងតំឡើងប្រៀវត្សរ៍ យើងខានតំឡើងប្រៀវត្សរ៍ឆ្នាំ២០២០ និងឆ្នាំ២០២១ ឥលូវឆ្នាំ២០២២នេះ យើងនឹងច្បាប់ផ្ដើមឡើង»។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការតំឡើងនេះ មិនគិតជាភាគរយនោះទេ គឺឡើងតាមរបៀប ដោយអ្នកប្រាក់បៀវត្សរ៍តិចដំឡើងច្រើន អ្នកប្រាក់បៀវត្សរ៍ច្រើនដំឡើងតិច។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គ្រូបង្រៀន និងគ្រូពេទ្យ ទាបបំផុតឲ្យបាន១.៥លានរៀល ដោយកន្លងទៅប្រាក់ប្រៀវត្សរ៍ គ្រូបង្រៀន និងគ្រូពេទ្យ មានចំនួន១.៣លានរៀល ឯមន្ដ្រីដទៃទៀត មានប្រាក់ប្រៀវត្សរ៍ ១.២លានរៀល នាពេលកន្លងទៅ ឡើងដល់១.៤លានរៀល។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា កាលពីម្សិលមិញ សម្ដេចបានប្រាប់ទៅ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថានៅពេលដែល តំឡើងប្រៀវត្សរ៍ ក៏ត្រូវតំឡើងពិដាន នៃប្រាក់ប្រៀវត្សរ៍ជាប់ពន្ធ បានសេចក្ដីថា ពេលដែលឡើងប្រៀវត្សរ៍ អ្នកដែលមានប្រាក់ប្រៀវត្សរ៍ក្រោម១.៥លានរៀលអត់ជាប់ពន្ធ ប៉ុន្ដែអ្នកលើសនឹងគឺជាប់ពន្ធ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីជៀសវាងអ្នកប្រាក់ប្រៀវត្សរ៍តិចជាប់ពន្ធ ចាំអ្នកដែលមានប្រាក់ប្រៀវត្សរ៍ច្រើន ចាំជាប់ពន្ធ។ សម្ដេចតេជោបន្ដថា ការធ្វើបែបនេះ ដោយគិតទាំងវិស័យរដ្ឋ និងវិស័យឯកជន។

គូសបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៩ មានមន្ត្រីរាជការសរុប២១១,០៩៤នាក់ (ស្រ្តី៨៧,៥១៩នាក់ ស្មើនឹង៤១.៤៦%) ក្នុងនោះថ្នាក់ជាតិ៣៨,២៥០នាក់ ស្មើនឹង១៨.១២% (ស្រ្តី១១,៧៨៦នាក់ ស្មើនឹង៣០.៨១%) និងថ្នាក់ក្រោមជាតិ១៧២,៨៤៤ ស្មើនឹង៨១.៨៨% (ស្រ្តី៧៥.៧៣៣នាក់ស្មើ នឹង៤៣.៨២% ដែលមានក្របខណ្ឌ «ក»២៩.១៣% ក្របខណ្ឌ «ខ» ៣៣.៧៨% និងក្របខណ្ឌ «គ» ៣៧.១០%៕ដោយ៖ សិរី នាគ

Check Also

សូមប្រយ័ត្ន! អាជ្ញាធរស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ បានបដិសេធទាំងស្រុង ពាក់ព័ន្ធនឹងព័ត៌មាន ពីការប្រកាសចែកដី ចំនួន ៦.០០០ឡូតិ៍

Leave a Reply

Your email address will not be published. Required fields are marked *