កណ្តាល៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការនគរបាលក្រុងតាខ្មៅ កាលពីវេលាម៉ោងជាង ២រសៀល ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយបានឃាត់ខ្លួនស្ត្រីម្នាក់ រួមនឹងមួយវត្ថុមួយចំនួន ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ស្ត្រីម្នាក់ដែលត្រូវបានឃាត់ខ្លួនខាងលើមានឈ្មោះ គឹម ទៀង ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុ មុខរបរ: លក់ដូរ ។ ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ក្រដាសកត់ឆ្នោតវៀតណាមរួច ៨សន្លឹកតូច, ក្រដាសផ្តានចំនួន ២សន្លឹកតូច, ក្រដាសសម្រាប់កត់ឆ្នោតវៀតណាម ៤សន្លឹកតូច, សៀវភៅកត់លទ្ធផលឆ្នោតចំនួន ២ក្បាល, ប៊ិកសម្រាប់កត់ឆ្នោត ២ដើម, កន្រ្តៃចំនួន១, ប្រដាប់កឹបចំនួន១, ទឹកលុបចំនួន១, ម៉ាស៊ីនគិតលេខចំនួន១ និងបន្ទាត់ចំនួន១ ។
លោកអធិការបានបន្តថា នៅវេលាកើតហេតុខាងលើមានប្រជាពលរដ្ឋបានរាយការណ៍មកថា មានករណីកត់ឆ្នោតវៀតណាមខុសច្បាប់ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិ-ឃុំ ខាងលើ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ លោកបានបញ្ជាឱ្យកម្លាំងជំនាញផ្នែកយុត្តិធម៌ចុះទៅបង្រ្កាបដល់ទីតាំងខាងលើ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានមួយម្នាក់ រួមទាំងវត្ថុតាង រួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕SRN