ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាណពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានស្នើសុំការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីឲ្យការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន និង ពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។
ការស្នើសុំការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុបែបនេះរបស់អ្នកឧកញ៉ាប្រធាន ក្នុងពិធីប្រកាសជាផ្លូវការ “ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ និងពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដោយមានការចូលរួមពី ឯកអគ្គរដ្ឋទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបចំនួនជាង ១៥០ នាក់។
អ្នកឧកញ៉ាប្រធាន បានជម្រាបជូនអង្គពិធីទាំងមូលថា សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន មានសេចក្តីសោមនស្សរីករាយនិងកិត្តិយសបំផុត ដោយទទួលបាននូវសារលិខិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គាំទ្រដល់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២។ ក្រៅពីនេះ ក៏មានលិខិតគាំទ្ររបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ចំពោះការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ ផងដែរ។
ថ្លែងក្នុងឱកាសនៃពិធីប្រកាសជាផ្លូវការនេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងពីសារៈសំខាន់នៃការៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និង ពានរង្វាន់ធុរកិច្ចអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ស្របពេលនឹងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាជាម្ចាស់ផ្ទះ។ អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ទាំងពីរនេះ គឺជាព្រឹត្តិការណ៍តំបន់ដ៏មានឥទ្ធិពល និងតែងតែទទួលបានការគាំទ្រចូលរួមពី ថ្នាក់ដឹកនាំអាស៊ាន និងពិភពលោក។ ឆ្នាំ២០២២នេះ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ដែលក្នុងនោះ នៅថ្ងៃទី១ នឹងមានការប្រគល់ពានរង្វាន់ធុរកិច្ចអាស៊ានដល់ក្រុមហ៊ុនឆ្នើមដែលឈ្នះការប្រកួតពានរង្វាន់អាស៊ាន។ នៅថ្ងៃទី២ នឹងមានកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ រួមនិង សុន្ទរកថាគន្លឹះនិងបទអន្តរាគមន៍របស់ថ្នាក់ដឹកនាំអាស៊ាន និងដៃគូអាស៊ាន ដែលនឹងសន្ទនា និងពិភាក្សាអំពីការជួយស្តារសេដ្ឋកិច្ចឡើងវិញ ការជំរុញពាណិជ្ជកម្មនិងវិនិយោគតាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ បច្ចេកវិទ្យាឌីជីថល និង ការអភិវឌ្ឍប្រកបដោយចីរភាព ជាដើម។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន ដែលមានភារកិច្ចចម្បងក្នុងការផ្តល់នូវធាតុចូល និង របាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច៕ដោយ៖ សិរី នាគ