Breaking News

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋានត្រូវរួមគ្នាចូលរួមថែរក្សាសមិទ្ធផលនានាដែលមានរួចហើយនាពេលនេះទុកដើម្បីប្រើប្រាស់បានយូរអង្វែង

ខេត្តស្វាយរៀង៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកខេត្តស្វាយរៀងកាលពីចុងសប្តាហ៍កន្លងទៅនេះបានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋានត្រូវរួមគ្នាចូលរួមថែរក្សាសមិទ្ធផលនានាដែលមានរួចហើយនាពេលនេះទុកដើម្បីប្រើប្រាស់បានយូរអង្វែង ។

ឯកឧត្តមនាយឧត្តមសេនីយ៍បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលាបឋមសិក្សា ទីចាត់ការ មត្តេយ្យសិក្សាវត្តដូង និងសមិទ្ធផលនានាស្ថិតក្នុងភូមិដូង ឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀង។ 

ឯកឧត្តមនាយឧត្តមសេនីយ៍បានមានប្រសាសន៍បន្តទៀតថាៈ សព្វថ្ងៃនេះប្រទេសយើងមានសុខសន្តិភាពហើយយើងក៏កុំភ្លេចថែរក្សាសុខភាពរបស់យើងដែរពីព្រោះថាសុខភាពគឺជាបញ្ហាចំបងរបស់មនុស្សគ្រប់គ្នា មានសុខភាពល្អហើយក្នុងនាមយើងជាប្រជាពលរដ្ឋត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាគឺគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហើយត្រូវយកចិត្តទុកដាក់ក្នុងការដាំដុះធ្វើស្រែចំការ ចិញ្ចឹមសត្វជាលក្ខណៈគ្រួសារបន្ថែមទៀត។ 

ឯកឧត្តនាយឧត្តមសេនីយ៍បានបន្ថែមទៀតថាៈពិធីនេះក៏ត្រូវបានប្រព្រឹត្តឡើង ក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជាបានងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ បន្ទាប់ពីរយៈពេល ២ឆ្នាំ នៃការឆ្លងរាតត្បាតនៃជំងឺដ៏កាច សាហាវនេះ ហើយកំពុងសម្រេចបានសមិទ្ធផលថ្មីៗ ជាច្រើនទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងក្នុងសភាពការណ៍ ដែលទូទាំងប្រទេសកំពុងអបអរសាទរយ៉ាងក្លៀវក្លាចំពោះ ជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ។ គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខរបស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្ត ដើម្បីធានានូវ ជីវភាពដ៏សុខសាន្តរបស់ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាព មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយ មកបំផ្លាញបានឡើយ។ ជាមួយគ្នានេះ យើងបន្តចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងការប្រយុទ្ធប្រឆាំង នឹងបញ្ហាប្រឈមនានារបស់តំបន់ និងពិភពលោក។ 

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានឲ្យដឹងថា នាពេលកន្លងមកក្រុមការងារចុះមូលដ្ឋានឃុំដូងបានចូលរួមកសាងនូវសមិទ្ធផលជាច្រើនដោយឡែកសមិទ្ធផលបន្ថែមថ្មីៗទៀត រួមមានបង្គោលភ្លើងសូឡាចំនួន៧២ដើម សាងសង់ទីចាត់ការសាលាបឋមសិក្សាវត្តដូង១ខ្នង សាងសង់ថ្នាក់មត្តេយ្យមួយខ្នងនៅសាលាបឋមសិក្សាវត្តដូងរួមនិងការបំពាក់គ្រឿងសង្ហារឹម ក្រុមហ៊ុនសុីប៊ីសុី ជួយឧបត្ថម្ភអគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាវត្តដូង និងសំភារមត្តេយ្យសិក្សា រួមនិងការជួសជុលលាបថ្នាំអគារ១ខ្នងជួសជុលបង្គន់អនាម័យមួយខ្នងផងដែរ ។ ក្រៅពីនេះនៅមានសមិទ្ធផលជាច្រើនទៀតដែលបានសាងសង់និងបានចំណាយថវិកាអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ហើយថវិកាទាំងនោះគឺបានមកពីក្រុមការងារចុះមូលដ្ឋានឃុំដូងព្រមទាំងសប្បុរសជននានា។ 

សូមបញ្ជាក់ផងដែរថាៈអញ្ជើញចូលរួមនៅក្នុងពិធីនោះផងដែររួមមានឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំដូង លោកជំទាវអ្នកតំណាង រាស្ត្រមណ្ឌលស្វាយរៀង ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត លោកអភិបាលស្រុក លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សជាច្រើនរូបផងដែរ៕SRN

 

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *