Breaking News

តុលាការសម្រេច បន្តឃុំខ្លួនលោក ឌួង ងៀប លើបណ្តឹងសុំនៅក្រៅឃុំពាក់ព័ន្ធបទចោទក្លែងឯកសារឆបោក និងចេញសែកស្អុយច្រើនលានដុល្លារ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រម នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ ដោយចៅក្រមជំនុំជម្រះបានសម្រេចបន្តឃុំខ្លួនលោក ឌួង ងៀប ពោលគឺបន្តអនុវត្តន៍ច្បាប់បានកំណត់។

ការសម្រេចរបស់ចៅក្រមនេះ គឺធ្វើឡើងបន្ទាប់ពីតុលាការ បានលើកយកបណ្តឹងសុំនៅក្រៅឃុំរបស់លោកអតីតឧកញ៉ា ឌួង ងៀប មកជំនុំជម្រះ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ តាមការស្នើសុំរបស់ជនត្រូវចោទ។

សូមបញ្ជាក់ថា នៅដំណាក់កាលចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ បានចេញដីកាបង្គាប់ឱ្យចាប់ឃាត់ខ្លួន លោកឧត្តមសេនីយ៍ ឌួង ងៀប និងជាអតីតឧកញ៉ាម្នាក់ រួចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន (នៅក្នុង PJ) ដើម្បីរង់ចាំទទួលការជំនុំជម្រះទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងបទល្មើសក្លែងឯកសារ ឆបោក និងចេញសែកច្រើនលានដុល្លារប្រព្រឹត្តកាលពីចន្លោះឆ្នាំ២០២០-២០២១។

លោក ឌួង ងៀប ដែលមានតួនាទីជាឧត្តមសេនីយ៍នៅក្រសួងមហាផ្ទៃ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក អ៊ឹម វណ្ណៈ ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន» មានទឹកប្រាក់ជាង៧លានដុល្លារ ដែលត្រូវបានប្ដឹងដោយអ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ចំនួន២នាក់។

ទាក់ទងនឹងការឃាត់ខ្លួន និងចោទប្រកាន់ខាងលើនេះលោក ឌួង ងៀប និងមេធាវីមិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ។ ទោះជាយ៉ាងក៏ដោយលោក ឌួង ងៀប ត្រូវបានតុលាការសម្រេច បន្តឃុំខ្លួនលើបណ្តឹងស្នើរនៅក្រៅឃុំ៕

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *