ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានករណីបង្ហោះនូវរូបភាពនាយនគរបាលមួយរូប ករណីសំញ៉ែងបង្កើតកម្មវិធីអបអរសាទរ ការឡើងតំណែង ជាស្នងការរងខេត្តកំពង់ស្ពឺ និងកម្មវិធីខួបកំណើត។
ប៉ុន្តែ គេពុំដឹងពិតប្រាកដថា រូបនេះជាករណីកាត់ត ឬជាកម្មវិធីពិតប្រាកដមែន ឬយ៉ាងណានោះឡើយ។ ផ្ទុយទៅវិញ ប្រសិនបើនាយនគរបាលរូបនេះ ធ្វើកម្មវិធីដើម្បីខ្លួន គឺជាកិត្តិយសសម្រាប់ក្រុមគ្រួសារ និងសាច់ញាតិរបស់ខ្លួន ក្នុងការអបអរសាទរឡើងតួនាទីថ្មីនឹងថ្ងៃខួបកំណើត ។ ប៉ុន្តែមជ្ឈដ្ឋានទូទៅយល់ឃើញថា, ការរៀបចំកម្មវិធីអបអរសាទរ ការឡើងតំណែង ជាស្នងការរងខេត្តកំពង់ស្ពឺ និងកម្មវិធីខួបកំណើត មិនត្រូវធ្វើបែបនេះទេ ខណៈអាចប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ជាពិសេសរងនូវការរិះគន់ពីប្រជាពលរដ្ឋតែម្ដង។ ខណៈនគរបាលជាតិ មានតួនាទីភារកិច្ច បម្រើ ការពារប្រជាពលរដ្ឋ លើការងារ សន្តិសុខ សណ្ដាប់ធ្នាប់ លុបបំបាត់បទល្មើសក្នុងសង្គម គឺមិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋឡើយ។
ពាក់ព័ន្ធក្នុងករណីនេះ អង្គភាព អែស អរ អិន មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពីសាមីខ្លួនបានទេ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ដោយគ្មានលេខទូរស័ព្ទ ខណៈមិនដឹងថា, ជាកម្មវិធីពិតប្រាកដ ឬជារូបភាពកាត់ត?។
បើយោងតាមប្រកាស ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ លេខ២៣០៩ ប្រក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ គឺក្រសួងមហាផ្ទៃបានសម្រេច៖
ប្រការ១: ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកវរសេនីយ៍ទោ អ៉ិន រតនៈ អត្តលេខ ៦៦៨៦៥ ពីនាយនគរបាល នៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស ជាស្នងការរង់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
ប្រការ២: អង្គភាពដើមមានការកិច្ចផ្ទេរប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ព្រមទាំងកាត់ផ្តាច់ក្របខ័ណ្ឌ អោយមក អង្គភាពថ្មីគ្រប់គ្រងបន្តចាប់ពីខែ មិថុនា ឆ្នាំ២០២២។
ប្រការ៣: អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ប្រធាននាយកដ្ឋានបុគ្គលិកប្រធាននាយកដ្ឋានស៊ើបការណ៍ក្រៅនិងបច្ចេកទេសប្រធាននាយកដ្ឋានអង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងលោកវរសេនីយ៍ទោ អ៉ិន រតនៈ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូមបញ្ជាក់ថា ករណីសំញ៉ែងបង្កើតកម្មវិធីអបអរសាទរ ការឡើងតំណែង ជាស្នងការរងខេត្តកំពង់ស្ពឺ និងកម្មវិធីខួបកំណើត គឺលោកវរសេនីយ៍ទោ អ៉ិន រតនៈ ត្រូវបានឡើងតំណែងជាស្នងការរងខេត្តកំពង់ស្ពឺ ក្លាយជាវិធានបទមួយ ដែលថ្នាក់លើគួរពិចារណា តើសមរម្យដែរទេ ឬក៏ជាសិទ្ធបុគ្គល ? ៕SRN