ភ្នំពេញ៖ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានបន្តជំរុញឱ្យអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌និងវិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ដើម្បីសេចក្តីថ្លៃថ្នូរ និងលើកកម្ពស់វិជ្ជាជីវៈ ជាពិសេសចូលរួមអភិវឌ្ឍវិស័យព័ត៌មានក្នុងប្រទេស ឱ្យកាន់តែល្អប្រសើរឡើង ។
ឯកឧត្តម ផុស សុវណ្ណ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះចរន្តនៃការរីកចម្រើនលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បានក្លាយទៅជាកត្តាគន្លឹះមួយ កំណត់ នូវនិន្នាការវិវត្តន៍នៃសេដ្ឋកិច្ច និងសង្គម ជាមួយនឹងការបង្កើត ឡើងទាំងកាលានុវត្តភាព និងទាំងបញ្ហាប្រឈម សម្រាប់សកលលោកទាំងមូល ជាពិសេសបានធ្វើឱ្យមានការ
ផ្លាស់ ប្តូរយ៉ាងលឿន នៅក្នុងល្បឿនមួយដែលមិនធ្លាប់មាន ពីមុនមក និងបានផ្តល់ឱកាសឱ្យប្រព័ន្ធផ្សព្វផ្សាយ មានលទ្ធភាពបង្កើនផលិតភាពរបស់ខ្លួន ប្រសិទ្ធភាពការងារ និងគុណភាពនៃ ផលិតកម្ម ។
ទន្ទឹមជាមួយនឹងការរីកចម្រើននេះ ឯកឧត្តមបានសង្កេតឃើញថា អ្នកសារព័ត៌មានអាជីពមួយចំនួន បានគោរពទៅតាមវិជ្ជាជីវៈច្រើន ហើយឯកសារទាំងអស់មុននឹងធ្វើការផ្សព្វផ្សាយទៅដល់សាធារណជន គឺត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងមានការចង្អុល បង្ហាញបន្ថែមពីនិពន្ធនាយក របស់ខ្លួន ប៉ុន្តែក៏មាននៅសេស សល់អ្នកសារព័ត៌មានមួយចំនួន នៅខ្វះក្រមសីលធម៌និងវិជ្ជាជីវៈ ដែលនេះគឺនៅតែជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ។
ឯកឧត្តម ផុស សុវណ្ណ « ខ្ញុំឆ្លៀតឱកាសនេះ ចង់ផ្ដាំផ្ញើជូនទៅដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ ឱ្យចូលរួមទាំងអស់គ្នា ទោះបីអ្នកសារព័ត៌មានមានការងារទាក់ទងជាមួយ នឹងវិជ្ជាជីវៈ និងប្រព័ន្ធបច្ចេកវិទ្យាថ្មីក៏ដោយ ប៉ុន្តែអ្នកសារព័ត៌មានត្រូវគិតគូរ អំពីក្រមសីលធម៌ របស់ខ្លួនឲ្យបានច្បាស់លាស់ផងដែរ ពីព្រោះ បច្ចុប្បន្ននេះ នៅមានសេសសល់បញ្ហានេះ ហើយខ្ញុំឮខាងមណ្ឌល ព័ត៌មានបានរាយការណ៍មកទាក់ទង ជាមួយតែអ្នកសារព័ត៌មានយើង ត្រូវបានសមត្ថកិច្ចមានវិធានការ ហើយយើងមើលទៅឃើញថា បញ្ហាទាំងអស់នេះ គឺនៅមានភាពស្មុគស្មាញ » ។
ឯកឧត្តម ផុស សុវណ្ណ ក៏បានស្នើសុំឱ្យអ្នកសារព័ត៌មាន ធ្វើការពិនិត្យមើលឱ្យបានច្បាស់លាស់ ចំពោះមាតិកាព័ត៌មាន របស់ខ្លួន ជាពិសេសជំរុញឱ្យមានការផ្សព្វផ្សាយ បានទូលំទូលាយទៅលើព្រឹត្តិការណ៍សំខាន់ៗ ដែលទាក់ទងជាមួយ នឹងកម្ពុជាធ្វើជា
ម្ជាស់ផ្ទះដូចជា កិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ស៊ីហ្គេមដែលគ្រោងធ្វើនៅក្នុងឆ្នាំ២០២៣ ដូច្នេះត្រូវផ្ដើមចេញ ពីអ្នកសារព័ត៌មាន ទាំងអស់គ្នា ដោយប្រើប្រាស់ នូវបច្ចេកវិទ្យាក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ ៕