កំពង់ធំ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានដឹកនាំមន្ត្រីរាជក្រោមឱវាទ ស ស យ ក ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រដ្ឋបាលឃុំកំពង់ចិនត្បូង មហាជន និងអង្គភាពស៊ើបការណ៌ហិរញ្ញវត្ថុកម្ពុជា អញ្ជើញដាំកូនឈើចំនួន៥០០ដើម នៅឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងកម្មវិធីនេះ លោក សាយ គឹមឡម បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវចូលរួមដាំដើមឈើឲ្យបានច្រើនដើម្បីទុកជាកេរតំណែលសម្រាប់មនុស្សជំនាន់ក្រោយនិងជាសម្បត្តិមនុស្សជាតិទៅ។
លោកបានបន្ថែមថាការដាំដើមឈើបានច្រើនមិនត្រឹមតែចំណែកមួយនៃបរិស្ថានបរិសុទ្ធប៉ុណ្ណោះទេ វាថែមទាំងជួយបង្កើននូវសោភ័ណភាពស្រស់បំព្រងទៀតផង។ ជាមួយនេះផងដែលោកសាយ គឹមឡម បានណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងរដ្ឋបាលឃុំកំពង់ចិនត្បូង ត្រូវចូលរួមថែរក្សា ការពារ ដើមឈើដែលបានដាំនៅថ្ងៃនេះ ឲ្យបានគង់វង្ស ជាពិសេសបងប្អូនដែលមានដីនិងគេហដ្ឋាននៅជាប់នឹងផ្លូវនេះតែម្តង។
លើសពីនេះ លោកក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន អង្គភាពរដ្ឋ និងឯកជន ត្រូវជួយបង្កើនវប្បធម៌ និងការដាំដើមឈើឲ្យបានច្រើននិងទូលំទូលាយនៅតាមស្ថាប័នឬអង្គភាពរបស់ខ្លួនផងដែរ។
គួរបញ្ជាក់ផងដែរថា ដើមឈើដែលបានដាំនៅថ្ងៃនេះជាអំណោយរបស់លោកជំទាវសាយ សំអាត ជាប្រធានអង្គភាពស៊ើបការណ៌ហិរញ្ញវត្ថុកម្ពុជា បានឧបត្ថម្ភដើមឈើចំនួន១០០០ដើម សម្រាប់រដ្ឋបាលឃុំកំពង់ចិនជើងនិងឃុំកំពងចិនត្បូងចាត់ចែងដាំបន្ត៕