ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្រោយពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូស្គុបពី 1គ្រឿងក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកម៉ូតូកង់បីបណ្ដាលឱ្យក្រឡាប់ផ្ងារជើងនៅនឹងកណ្ដាលផ្លូវ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៦និង ៣០នាទីព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ ស្ថិតនៅត្រង់ចំណុចតាមបណ្ដោយផ្លូវបេតុងផ្លូវសឡាភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុបានឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BY-1447សណ្ដោងរម៉កពីក្រោយពាក់ស្លាកលេខភ្នំពេញ1J-6972បានដឹកអ្នកលក់បន្លែនៅពីខាងក្រោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវសឡា លុះមកដល់ចំណុចកើតហេតុផ្លូវកោងត្រូវបត់ឆ្វេង ស្រាប់តែមានបុរសម្នាក់បើកម៉ូតូម៉ាកហុងដា scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HB- 1280 បើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជើងតាមបណ្ដោយផ្លូវសឡាបញ្ច្រាស់ទិសគ្នា មកដល់ចំណុចផ្លូវកោងបត់ស្ដាំក៏បានជ្រុលចង្កូតទៅបុកនឹងរម៉កកង់បីត្រូវត្រង់កង់ខាងឆ្វេងខាងក្រោយបណ្ដាលឲ្យបាក់ខ្ទេចហើយរម៉កកង់បីក្រឡាប់នៅកណ្ដាលផ្លូវ ចំណែកឯម៉ូតូស្គុបពីរងការខូចខាតខ្ទេចរួញមួយកំណាត់មុខ ដោយឡែកអ្នកបើកបរម៉ូតូស្គុបពីរងរបួសធ្ងន់បែកក្បាលសន្លប់ស្តូកស្ដឹងត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះដឹងខ្លួនវិញសួរនាំលេងដឹងអី ។
ក្រោយកើតហេតុអ្នកបើកបរម៉ូតូស្គុបពីដែលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសចំណែកឯម៉ូតូកង់បីរួមទាំងម៉ូតូស្គូពីត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការគូសវាសយកអែបកៀនទាក់ទងទៅសមត្ថកិច្ចជំនាញខាងចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះមកធ្វើការវាស់វែងយកម៉ូតូកង់បីរួមទាំងម៉ូតូស្គូពីយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕