កណ្តាល៖ បុរសជនជាតិខ្មែឥស្លាមម្នាក់ចុះមុជទឹកទន្លេលង់បាត់ខ្លួនមួយយប់លុះព្រឹកឡើងទើបប្រទះឃើញសពអណ្តែត។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅលើផ្ទៃទន្លេ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
សពបុរសដែលលង់ទឹកស្លាប់ខាងលើនេះមានឈ្មោះ កៅ ស្មាអែល អាយុ២៧ ឆ្នាំមុខរបរនេសាទ ស្នាក់នៅភូមិព្រៃកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ជនរងគ្រោះខាងលើបានចុះទៅមុជទឹកហើយហែលលេងក្នុងទន្លេ ខណ:ដែលទឹកឡើងខ្លាំងហើយហូរលឿនបណ្តាលឲ្យបុរសខាងលើនេះលិចចូលទៅក្នុងបាតទន្លេបាត់ខ្លួនអស់ពេញមួយយប់ដោយមានបងប្អូនជនជាតិខ្មែរឥស្លាមដែលជាប្រជានេសាទនាំគ្នាចេញទូកជួយរុករកតែរកមិនឃើញសោះ លុះព្រឹកឡើងទើបប្រទះឃើញសពអណ្តែតមកកៀបជាប់និងបាតសាឡាងមួយគ្រឿងដែលចតនៅក្បែមាត់ទន្លេ ទើបពួកគាត់ស្រង់សពលើកដាក់លើទូករងចាំសមត្ថកិច្ចអស់ជាច្រើនម៉ោងដោយពុំឃើញមានសមត្ថកិច្ចមូលដ្ឋានឬសមត្ថកិច្ចជំនាញណាម្នាក់ចុះធ្វើកំណត់ហេតុឬពិនិត្យសពនោះឡើយ ដោយរងចាំសមត្ថកិច្ចយូរពេកទើបក្រុមគ្រួសារសាច់ញាតិនៃសពបានសម្រេចចិត្តដឹកសពយកទៅបញ្ចុះតាមប្រពៃណីនៅឯព្រះវិហារឥស្លាមរបស់ពួកគាត់តែម្តងទៅ៕