Breaking News

ប៉ូលិសស្រុកកណ្តាលស្ទឹង ឃាត់ខ្លួន​ជនសង្ស័យ ២នាក់ ក្រោយ​យក​ដុំឥដ្ឋ​ការ៉ូឡា​គប់​ប្រជា​ការពារ​ម្នាក់ បណ្តាល​ឱ្យ​ដួលសន្លប់​បោក​ក្បាល​ទៅ​នឹង​ផ្លូវជាតិ

ខេត្តកណ្តាល៖ ជនសង្ស័យ ២នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​កណ្ដាលស្ទឹង ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២ ក្រោយពី​បាន​យក​ដុំឥដ្ឋ​ការ៉ូឡា​គប់​ប្រជា​ការពារ​ម្នាក់ បណ្ដោយ​ឱ្យ​ដួលសន្លប់​បោក​ក្បាល​ទៅ​នឹង​ផ្លូវជាតិ ។ អំពើ​ហិង្សា​ដោយចេតនា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង ៦ល្ងាច ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២២ នៅ​ចំណុច​​ភូមិ​ចំបក់ ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ។

នគរ​បាល​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ផាន់ សុ​ភ័ក្រ្ត អាយុ ៥៥ ឆ្នាំ មុខរបរ កសិករ និង​ជា​ប្រជា​ការពារ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិសៀមរាប ឃុំសៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ។ ចំណែក​ជនសង្ស័យ​ពីរ​នាក់​ខាងលើ ទី១-ឈ្មោះ ហួរ តូ​ម៉ា ភេទ ប្រុស អាយុ ៣០ មុខរបរ មិន​ពិតប្រាកដ និង​ទី២-ឈ្មោះ ផល មេត្តា ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទាំងពីរ​ មាន​ទី​លំ​ភូមិ​ចំបក់ ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ។

នគរបាល​បាន​ឱ្យដឹងទៀតថា កាលពី​ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២២ វេលា​ម៉ោង​ប្រមាណ​ជាង ៦ល្ងាច ខណៈ​ជនរងគ្រោះ (ប្រជា​ការពារ) កំពុង​ឈរ​យាម​នៅ​គោលដៅ​ចំណុច​ផ្លូវ​បេតុង ​ក្នុង​ភូមិ​សៀមរាប ឃុំ​សៀមរាប ពេលនោះ​មាន​ក្រុមការងារ​ប្រជា​ការពារ​បាន​ហៅ​តាមវិទ្យុ​ទាក់ទង​ប្រាប់​ថា មុខសញ្ញា​លួច​ដែក​កាលពី​ព្រឹកមិញ ពួក​វា​យក​ដែក​ទៅ​លក់​ទៀតហើយ ទៅ​ទិសខាងជើង ពេលនោះ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញទៅ​ដល់​ចំណុច​កើតហេតុ​បានឃើញ​ជនសង្ស័យ​ទាំងពីរ​នាក់​ដើរ​ត្រឡប់​មក​ទិសខាងត្បូង​វិញ និង​បាន​ប្រតាយប្រតប់​ជាមួយ​ប្រជា​ការពារ ពេលនោះ​ជនរងគ្រោះ​បាន​ចូល​ទៅ​ឃាត់​នឹង​សួរនាំ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ហួរ តូ​ម៉ា បាន​យក​ដុំឥដ្ឋ​កា​រ៉ូ​ឡា​គប់​មក​លើ​ជនរងគ្រោះ​ចំ​ថ្ងាស​ផ្នែក​ខាងស្ដាំ បណ្ដោយ​ជនរងគ្រោះ​ដួលសន្លប់​បោក​ក្បាល​ទៅ​នឹង​ផ្លូវជាតិ រួច​នាំគ្នា​រត់​ខ្លួន​អស់ ។ លុះ​ព្រឹក​ឡើង ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២ កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

Check Also

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយ

Leave a Reply

Your email address will not be published. Required fields are marked *