Breaking News

រដ្ឋបាលខេត្តប៉ៃលិន ចុះពិនិត្យមើលទីតាំងនានា និងបន្តរៀបចំកែលំអអភិវឌ្ឍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលមកកម្សាន្តក្នុងខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ កាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំងតាមដងផ្លូវនៅនានាក្នុងក្រុងប៉ៃលិន និងនៅតាមដងផ្លូវជាប់នឹងច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីបន្តរៀបចំកសាង ត្រង់កន្លែងណា ដែលនៅខ្វះចន្លោះបន្ថែមទៀត ឱ្យទទួលបានភាពទាក់ទាញ។ 

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានណែនាំដល់មន្រ្តីតាមមន្ទីរនានាជុំវិញខេត្ត ឱ្យបន្តចុះណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗ ចិញ្ចើមផ្លូវ ត្រូវចេះរក្សាអនាម័យ បោស សម្អាត ដោយធ្វើយ៉ាងណា ត្រូវនាំគ្នាដាក់ធុងសម្រាម នៅតាមមុខផ្ទះ សម្រាប់ផ្ទុកកាកសំណល់ផ្ទះបាយ ដោយក្រោយពេលទទួលទានរួច មិនត្រូវទម្លាប់នាំគ្នា បោះចោលផ្តេសផ្តាសនាំឱ្យបាត់បង់សោភ័ណភាពក្នុងទីក្រុង ជាពិសេសបាត់បង់សណ្តាប់ធ្នាប់សាធារណ: ក្លាយជាជំងឺរោគា បង្កផលប៉ះពាល់សុខភាព ពោលគឺធ្វើឱ្យខូចដល់បរិស្ថានតែម្តង។ លោកជំទាវ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ នៅតាមដងផ្លូវ និងតាមភូមិនានាក្នុងខេត្ត ឱ្យបន្តនាំគ្នាបោសសម្អាតនៅតាមទីធ្លា បរិវេណជុំវិញផ្ទះរបស់ខ្លួនឱ្យបានស្អាតជានិច្ច ដោយត្រូវកាប់ឆ្ការព្រៃ ដែលដុះនៅតាមដងផ្លូវមុខផ្ទះ តាមផ្លូវសាធារណ:ឱ្យបានស្រឡះល្អ ប្រមូលថង់ប្លាស្ទិក សំបកដូង សំបកដប ដែលជាជំរកសត្វមូសខ្លា ចេញឱ្យអស់ពីកន្លែងរស់នៅ ដើម្បីការពារកុំឱ្យកើតមានជម្ងឺរោគា និងកើតជម្ងឺគ្រុនឈាមជាដើម។ 

លោកជំទាវ ក៏បានបានថ្លែងរំលឹកដល់ក្រុមមន្រ្តីជំនាញការងារគ្រប់ផ្នែកទាំងអស់ថា ៖ ត្រូវយកចិត្តទុកដាក់ជាប្រចាំ ពោលគឺបន្តនាំគ្នារៀបចំឱ្យមានសោភ័ណភាពតាមដងផ្លូវក្លាយទៅជាកន្លែងស្រស់ស្អាត និងមានរបៀបរៀបរយ ដែលអាចបង្កើតបាននូវបរិស្ថានល្អ នាំមកនូវផាសុខភាព ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ អាចនឹងនាំឱ្យមានលំហូរចូលនៃភ្ញៀវទេសចរណ៍ មកលេងកម្សាន្តក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករផងដែរ។

លើសពីនេះ លោកជំទាវ អភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់មន្រ្តីគ្រប់លំដាប់ថ្នាក់នៅតាមមន្ទីរអង្គភាពទាំងអស់ ត្រូវឱ្យម្នាក់ៗ រួបរួមសាមគ្គីគ្នា កសាងនូវអំពើល្អ បំរើផលប្រយោជន៍ជូនប្រជាជន ធ្វើអ្វីៗ ដើម្បីប្រជាជន មិនត្រូវគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ 

  សូមបញ្ជាក់ផងដែរថា ៖ នៅតាមដងផ្លូវនានាក្នុងក្រុងប៉ៃលិន និងតាមដងផ្លូវនៅជាប់នឹងច្រកទ្វារអន្តរជាតិព្រំ ជាប់នឹងប្រទេសថៃ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន រៀបចំដាក់ភ្លើងបំភ្លឺនាពេលយប់ យ៉ាងស្រស់ស្អាត ហើយក៏មានរៀបចំធ្វើរបាំងទ្រូងផ្លូវ ដាំដើមផ្កាចម្រុះពណ៌ បញ្ចេញនូវទេសភាពស្រស់បំព្រងគួរឱ្យចង់គយគន់នាពេលថ្ងៃ និងពេលរាត្រីផងដែរ៕ ដោយ ៖ នាក់ ង៉យ

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *