ខេត្តក្រចេះ៖ កូនសត្វផ្សោតឈ្មោលមួយក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់ នៅតាមដងទន្លេមេគង្គ ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្ត ក្រចេះ មានទម្ងន់ជាង ១០គីឡូក្រាម នៅក្នុងតំបន់អភិរក្សតំបន់ រមណីយដ្ឋានអន្លង់ផ្សោតកាំពី នៅថ្ងៃអាទិត្យ ១០កើ ខែស្រាពណ៍ ឆ្នាំខាល ចត្វាសក័ ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃ៧ ខែសីហាឆ្នាំ២០២២ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ភូមិកំពី ឃុំសំបុក ស្រុកចិត្របុរី បានឱ្យដឹងថាមកដល់ពេលនេះ គេនៅមិនទាន់ដឹងមូលហេតុថា កូនសត្វផ្សោតខាងលើងាប់ដោយសារអ្វីនៅឡើយទេ ?
ថ្វីដ្បិតមូលហេតុនៃការស្លាប់របស់កូនផ្សោតនេះ ហាក់មានភាពស្រពិចស្រពិល ប៉ុន្តែ ប្រជាពលរដ្ឋ ភូមិកំពី ឃុំសំបុក ស្រុកចិត្របុរី បានដាក់ការសង្ស័យទៅលើការប្រើឧបករណ៍នេសាទខុសច្បាប់ ដែលនាំឱ្យមានការគំរាមកំហែង ដល់ការរស់រានរបស់ សត្វផ្សោតនៅ រមណីយដ្ឋានអន្លង់ផ្សោត កាំពី ក្នុងនោះរួមមាន៖ការដាក់មងខុសច្បាប់ការប្រើប្រាស់ឧបករណ៍ឆក់ សូមជម្រាបថា សត្វផ្សោតគឺជាប្រភេទសត្វកំម្រមួយនៅលើពិភពលោក ដែលមានអង្គការជាច្រើនបាននិងកំពុងចូលរួមអភិរក្ស ក្នុងនោះអង្គការ WWF បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធក្នុងការចូលរួមអភិរក្សសត្វផ្សោតនេះ ប៉ុន្តែដោយសារ តែការនេសាទមួយចំនួនបានប៉ះពាល់ដល់ការរស់នៅរបស់ សត្វផ្សោត ទើបធ្វើឱ្យពួកវាងាប់ជាបន្តបន្ទាប់៕