Breaking News

ឃាត់ខ្លួននគរបាលក្លែងក្លាយម្នាក់ ដែលបន្លំជាមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកពញាឮ ខេត្តកណ្តាល ឃាត់ខ្លួនបញ្ជូនបន្តមកឲ្យកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយពីជនសង្ស័យរូបនេះ បានក្លែងបន្លំជាមន្ត្រីនគរបាលនៃមន្ទីរបទល្មើសគ្រឿងញៀន ។

ជនសង្ស័យមានឈ្មោះ ផាន់ សុវណ្ណ ភេទប្រុស ដែលឈ្មោះក្នុងកាតនគរបាលជាតិ គឺឈ្មោះ ហៃ សំអាន ឋានន្តរសក្តិថ្នាក់ វរសេនីយ៍ទោ (សក្តិ ៤កន្លះ) ត្រូវបានឃាត់ខ្លួននៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២២ នៅអធិការនគរបាលស្រុកពញាឮ ខេត្តកណ្តាល ។

តាមចម្លើយសារភាពរបស់នគរបាលក្លែងក្លាយរូបនេះបានឲ្យដឹងថា រូបគេស្គាល់មន្ត្រីនគរបាលម្នាក់ (នគរបាលក្លែងក្លាយ) ឈ្មោះ អ៊ូច ចំរើន អះអាងជានគរបាលផ្កាយ១ នៅនាយកដ្ឋានបុគ្គលិក ជាអ្នករត់ការជួយឲ្យចូលបម្រើការងារក្នុងក្របខណ្ឌ ដែលដំបូងឡើយចូលធ្វើទាហាន ក្រោយមកប្តូរមកនគរបាលវិញ ចុងក្រោយផ្ទេរមកជាមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកស៊ើបអង្កេត ប៉ុន្តែរូបគេមិនដែលបានធ្វើសកម្មភាពអ្វីនោះទេ ហើយកន្លងមករូបគេធ្លាប់បានចូលរួមជាកម្លាំងសម្ងាត់ ចុះចាប់មុខសញ្ញាលក់គ្រឿងញៀន នៅស្រុកពញាឮ និងស្រុកឧដុង្គ សរុបចំនួន ៣ករណី ផងដែរ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ចំពោះករណីឈ្មោះ ផាន់ សុវណ្ណ នេះ ជាករណីក្លែងបន្លំជាមន្ត្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ ចំណែកឈ្មោះ អ៊ូច ចំរើន ភេទប្រុស អាយុប្រហែល ៥០ឆ្នាំ គឺជាមេក្លោង និងអ្នករៀបចំឲ្យ ឈ្មោះ ផាន់ សុវណ្ណ ប្រព្រឹត្តិសកម្មភាពក្លែងជាមន្ត្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ការិយាល័យក១) ដែលពុំទាន់បានឃាត់ខ្លួននៅឡើយទេ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ផាន់ សុវណ្ណ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *