Breaking News

ហេតុអ្វី? អតីតនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរសោម ចេញមុខបកស្រាយជំនួសលោក ភុំ ផៃឌឿម រឿងកុងត្រូលជជុះ

ពោធិ៍សាត់ ៖ ប្រជាពលរដ្ឋអ្នករកស៊ីអនុផលព្រៃឈើបន្តិចបន្តួច នៅស្រុកភ្នំក្រវាញ ក៏ដូចជាមហាជនទូទៅមានចម្ងល់យ៉ាងខ្លាំង ចំពោះករណីដែលអតីតនាយប៉ុស្តិ៍រដ្ឋបាលអូរសោម ឈ្មោះ ភុំ វរឧត្តម ចេញមុខបកស្រាយករណីកុងត្រូលជជុះ ដែលបង្កឡើងដោយលោកវរៈសេនីយ៍ទោ ភុំ ផៃឌឿម មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តនោះទៅវិញ? យ៉ាងនេះគឺថា ឆ្នាំងមិនក្តៅបែរទៅក្តៅឯគ្របទៅវិញ។

រឿងនេះបើពិនិត្យឱ្យដិតដល់ទៅនោះឃើញថា លោក ភុំ ផៃឌឿម មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដាក់កម្លាំងរបៀបជាកុងត្រូលជជុះ នៅក្នុងមូលដ្ឋានស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រជាពលរដ្ឋអ្នករកស៊ីដឹកអនុផលព្រៃឈើ សុទ្ធតែបានដឹងអំពីសកម្មភាពរបស់ក្រុមលោក ភុំ ផៃឌឿម មន្ត្រីនគរបាល ដែលដាក់កម្លាំងរបៀបជាកុងត្រូលជជុះជំរិតទារលុយនេះ។

បើតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ ក៏ដូចជា អគ្គស្នងការនគរបាលជាតិ គឺគ្មានទេកុងត្រូលជជុះនៅលើដងផ្លូវគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។ គេសួរថា ហេតុអ្វីបានជាលោក ភុំ ផៃឌឿម អាចដាក់កុងត្រូលជជុះបំពានច្បាប់ប្រទេសបានយ៉ាងនេះ?

គួរបញ្ជាក់ថា វីដេអូឃ្លីបមួយបានបង្ហោះចែកចាយតាមបណ្ដាញសង្គម ក្នុងនោះគេឃើញសមត្ថកិច្ចនគរបាលការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដេញតាមឃាត់រថយន្តតាក់ស៊ី ម៉ាកសាំយ៉ុង កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ក្នុងនោះម្ចាស់រថយន្តបានថតជាវីដេអូនិយាយចោទប្រកាន់សមត្ថកិច្ច ដែលប្រដេញឃាត់រថយន្ដរបស់ពួក គាត់កំពុងធ្វើដំណើរតាមផ្លូវ ថែមទៀតផង។

បន្ទាប់ពីវីដេអូមួយឃ្លីបនេះ បង្ហោះចេញមិនបានប៉ុន្មានផង ក៏មានអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព បានសរសេរបង្ហោះយោងតាមប្រភពមួយចំនួនថា សមត្ថកិច្ចនៅក្នុងវីដេអូ នោះ បង្កើតកុងត្រូលជជុះជម្រិតទាលុយពីប្រជាពលរដ្ឋដឹកជញ្ជូនផលអនុផលព្រៃឈើ ក្រោមការចាត់ចែងពីលោកវរៈសេនីយ៍ទោ ភុំ ផៃឌឿម ជាមន្រ្តីនគរបាលការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលកំពុងរត់ការយកតំណែងស្នងការរង ទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ច។

ក្នុងនោះមានបណ្ដាញសង្គម ក៏បានរិះន់ទៅលោកវរៈសេនីយ៍ទោ ភុំ ផៃឌឿម នគរបាលការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ថា បានបង្កើតកុងត្រូលជជុះនៅតាមបណ្ដោយផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចំណុចផ្លូវបំបែកចូលទៅ (ភូមិសាយ) ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ចេញធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ដោយបើករថយន្តប្រដេញម៉ូតូសណ្ដោងរ៉ឺម៉កដឹកឈើ,គោយន្ដកន្រ្តៃដឹកឈើ, រថយន្តដឹកឈើឬមាន ការសង្ស័យ គឺ ដេញទាំងអស់ ហើយការប្រដេញយ៉ាងអានាធិបតេយ្យនេះ ពុំមែនបង្រ្កាបនោះទេ គឺ ប្រដេញជំរិតលុយ។ ម្យ៉ាងទៀតលោកភុំ ផៃឌឿម ជាមន្ត្រីនគរ បាលផ្នែកសន្តិសុខហេតុអ្វីក៏ទៅធ្វើការងារផ្នែកបង្ក្រាបសេដ្ឋកិច្ចទៅវិញ?

រូបវីដេអូបានបង្ហាញយ៉ាងច្បាស់ថា លោក ភុំ ផៃឌឿម ជាអ្នកបានប្រដេញរថយន្តប្រជាពលរដ្ឋ។ ប៉ុន្តែបុរសម្នាក់ ឈ្មោះ ភុំ វរៈឧត្ត មជាមន្ត្រីនគរបាលដែលថ្នាក់លើបញ្ឈរជើង និងជាប្អូនប្រុសបង្កើតលោក ភុំ ផៃឌឿម កាលពីថ្ងៃទី១៤ ខែសីហា បានចេញមុខបដិសេធទាំងងងើលថា លោក ភុំ ផៃឌឿម មិនដែលមកស្រុកភ្នំក្រវ៉ាញ និងបង្កើតកុងត្រូលជជុះនោះទេ។ គេសួរថា តើរូបក្នុងវីដេអូឃ្លីបច្រងេងច្រងាងនៅក្រោយរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌សនោះជានរណា?

ការពិតអ្វីដែលលោក ភុំ វរៈឧត្តម ចេញមុខបកស្រាយនៅពេលនេះ គឺចង់លាងគូទដែលពោរពេញដោយភាពអាម៉ាស់របស់បងប្រុសខ្លួន។ ប៉ុន្តែការពិតវានៅតែជាការពិត។ អ្នកស្រុកភ្នំក្រវាញ នរណាក៏ដឹងដែរថា លោក ភុំ វរឧត្តម អតីតជាឈ្មួញរកស៊ីឈើដ៏ល្បីល្បាញ និងជាអតីតមេប៉ុស្តិ៍អូសោម ដែលដែលមិនចេះធ្វើការអ្វីសោះ ហើយត្រូវថ្នាក់ដឹកនាំដកមកបញ្ឈរជើង។ រឿងរ៉ាវរបស់បងប្អូនពីរនាក់នេះ នៅមានច្រើនទៀតដែលត្រូវនិយាយជាបន្ត៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *