Breaking News

តុលាការសម្រេចឃុំខ្លួនមន្រ្តីជលផលដែលបើករថយន្តក្នុងស្ថានភាពស្រវឹងបុកស្លាប់ប្តី និងរបួសប្រពន្ធ

តាកែវ៖ នៅទីបំផុតតុលាការខេត្តតាកែវ សម្រេចឃុំខ្លួនមន្រ្តីជលផលម្នាក់ រហសនាម ប៉ៃលិន ដែលបើករថយន្តបុកគោយន្តកន្រ្តៃ បណ្ដាលឱ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ នៅលើផ្លូវបេតុង ក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារ។

នេះបើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់សាលាដំបូងខេត្តតាកែវ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ សម្រេចចោទឈ្មោះ ហេង ប៊ិនលាប ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្ត្រីជលផល នៃមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តតាកែវមានទីកន្លែង​កំណើតនៅ​ភូមិចុងបឹងក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ដោយជាប់ចោទពីបទ បើកបរដោយធ្វេសសប្រហែស ខ្ចីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់ នឹងរបួសអ្នកដដៃ និងបានសម្រេចឲ្យភ្នាក់ងារ​មាន​សមត្ថកិច្ច​ នៃកងកម្លាំងសាធារណៈនាំខ្លួនជនជាប់ចោទឈ្មោះ ហេង ប៊ុនលាប ទៅពន្ធនាគារខេត្តតាកែវ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់…។

ក្នុង​ជំពូក​ទី​១០ ស្ដី​ពី​ទោស​ប្បញ្ញត្តិ ត្រង់​មាត្រា​៨៥ ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប្បញ្ញត្តិ​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន ដល់​១៥​លាន​រៀល និង​អាច​ត្រូវ​ផ្ដន្ទាទោស​ដោយ​ទោស​បបន្ថែមមួយ ឬ​ច្រើន ដូច​មាន​ចែង​ក្នុង​មាត្រា​៥៣ (​ប្រភេទ​នៃ​ទោស​បន្ថែម​នៃ​ក្រមព្រហ្មទណ្ឌ​) ។

អំពើ​ល្មើស​ខាងលើ​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន ដល់​២៥​លាន​រៀល កាលបើ​អំពើ​នេះ​បាន​ប្រព្រឹត្ត​ក្នុង​ករណី​ណាមួយ​ដូច​ជា បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ ឬ​មាន​ប័ណ្ណបើកបរ​តែ​មិន​ត្រឹមត្រូវ​តាម​ប្រភេទ​យានយន្ដ ។ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ដោយ​មាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី​០,៤០​មី​លី​ក្រាម​ក្នុង​១​លី​ត្រ​ខ្យល់ ឬ​ចាប់ពី​០,៨០​ក្រាម​ក្នុង​១​លី​ត្រ​ឈាម​ឡើង​ទៅ​។ បណ្ដាល​ឲ្យ​មាន​ស្លាប់​មនុស្ស​ច្រើន​នាក់ ។ រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ ក្នុង​គោលបំណង​គេចវេះ​ពី​ការ​ទទួលខុសត្រូវ ។

គេរង់ចាំមើលថាតើបុរសខាងលើអាចមានទោសទណ្ឌស្របច្បាប់ចែងដែរឬទេ? យើងកំពុងតាមដានរឿងនេះ។

គួរបញ្ជាក់ថា មន្ត្រីជលផលខេត្តតាកែវម្នាក់បើកបររថយន្តមួយគ្រឿងក្នុងស្ថានភាពស្រវឹងបានបុកគោយន្តកន្ត្រៃមួយគ្រឿងពីក្រោយក្នុងទិសដៅស្របគ្នាបណ្តាឲ្យភាគីខាងគោយន្តស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២២ នៅលើផ្លូវបេតុងលេខ១២៩ B ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។

តាមការបញ្ជាក់ពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដូងខ្ពស់ដឹងថា រថយន្តបង្កម៉ាកលុសស៊ីសព័ណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AH 4203 បើកបរដោយឈ្មោះ ហេង ប៊ុនលាប ហៅ ប៉ៃលិន ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរជាមន្ត្រីជលផល។ ចំណែកភាគីបើកបរគោយន្តឈ្មោះ សូ ឆាន់ ភេទប្រុស អាយុ៥១ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុនិងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ នូ ឃន អាយុ៥០ឆ្នាំទាំងពីរនាក់ប្តីប្រពន្ធរស់នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។

លោកនាយប៉ុស្តិ៍បន្ថែមថា មុនពេលកើតហេតុគោយន្តកន្ត្រៃនិងរថយន្តបើកបរក្នុងទិសដៅស្របគ្នា ពីទិស ខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងភាគីអ្នកបើកបររថយន្តស្រវឹងខ្លាំងពេកទប់ស្មារតីមិនបានក៏ជ្រុលទៅបុកគោយន្តពីក្រោយបណ្តាលឲ្យមានអ្នកស្លាប់និងរបួសគួរសង្វេគតែម្តងទៅ។

បច្ចុប្បន្នវត្ថុតាងរថយន្តនិងគោយន្តត្រូវបានយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកបូរីជលសារដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានប្រគាល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រជាពលរដ្ឋចំនួនធំបានរិះគន់យ៉ាងធ្ងន់ៗទៅលើលោក ហេង ប៊ុនលាប ហៅ ប៉ៃលិន ដែលជាមន្ត្រីជលផលដែលតែងតែបង្កព្យុះភ្លៀងលើប្រជាពលរដ្ឋអ្នកនេសាទរកត្រីហូបចុកជាលក្ខណៈគ្រួសារយ៉ាងចាស់ដៃមិនដែលយោគយល់នោះទេ។ និយាយថា “កម្មពៀរមានពិត ដូចទំនាយប្រជាពលរដ្ឋដែលរងគ្រោះដោយស្នាដៃ លោក ប៉ៃលិន”៕SRN

Check Also

សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនប្រជាពលរដ្ឋ និងព្រះសង្ឃ ១០អង្គ/នាក់ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងឱ្យត្រលប់ទៅលំនៅឋានវិញរៀងៗខ្លួន!

Leave a Reply

Your email address will not be published. Required fields are marked *