Breaking News

សម្តេចតេជោ ហ៊ុន សែន៖ ការឡើងថ្លៃប្រេងឥន្ធនៈ បង្កឱ្យមានអតិផរណាខ្ពស់គ្រប់កន្លែង ជាពិសេសអាមេរិក និងសហភាពអឺរ៉ុប

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ នៅវិមានសន្តិភាព។

សម្តេចតេជោ មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ស្របពេលដែលជំងឺកូវីដ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ សកលលោកទាំងមូលក៏បាននិងកំពុងជួបប្រទះ នឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀត ដែលអាចបន្ទច់បង្អាក់សម្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល។ ជាក់ស្តែងការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណា ដែលការណ៍នេះ អាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ»។

សម្តេចតេជោបន្តថា ជាងនេះទៅទៀត អតិផរណាខ្ពស់ ក៏បាន និងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ និងពិបាកប៉ាន់ប្រមាណនេះ យើងត្រូវការជាចាំបាច់នូវកិច្ចសហការ និងការចេះជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់។ ក្នុងស្មារតីនេះ សម្តេចតេជោលើកទឹកចិត្តឲ្យមានការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និងសុខភាពសាធារណៈ ជាអាទិភាពខ្ពស់បំផុត ប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការលើកគ្រប់វិស័យ។

សម្តេចតេជោ បានបន្ថែមថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជានឹងខិតខំពង្រឹងសហកិច្ចប្រតិបត្តិការ នៅក្នុងតំបន់អាស៊ាន ក៏ដូចរវាងអាស៊ាន-សហភាពអឺរ៉ុប និងរវាងអាស៊ាន-អេស្ប៉ាញ ផងដែរ៕

 

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *