Breaking News

អភិបាលស្រុកស្អាង ប្រើធម៌ព្រះពុទ្ធដោះស្រាយវិវាទដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន

កណ្តាល ៖ អភិបាលស្រុកស្អាង លោក ជឺ គឹមហៃ បានប្រើធម៌ព្រះពុទ្ធដោះស្រាយវិវាទដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដែលទទួលបានគម្រោងស្តារអាងទឹកព្រែករាំង ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បានជោគជ័យដោយប្រជាពលរដ្ឋ ៤៧ គ្រួសារ ទទួលប្រាក់គោលនយោបាយ ។ ការដោះស្រាយបញ្ចប់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២២ ។

ក្នុងជំនួបដោះស្រាយ លោក ជឺ គឹមហៃ បានលើកឡើងថា ព្រះពុទ្ធបានផ្ដាំផ្ញើឲ្យមន្ត្រី ពេលធ្វើជាមន្ត្រី ធ្វើជាមេដឹកនាំ ត្រូវចេះបន្ទាបខ្លួនឱ្យទាបបន្តិច ។ មួយទៀតត្រូវចេះជួបជុំជជែកគ្នា បើបងប្អូនមិនបានមកជជែកគ្នាទេ នោះវានាំឱ្យកើតបញ្ហាអត់យល់គ្នា បងប្អូនមក ៤៧នាក់ មានទស្សនៈមិនមែន ៤៧ទេ អាច មាន១០០ ជាងក៏ថាបាន ប៉ុន្តែនៅពេលមកអង្គុយជជែកគ្នានៅទីនេះ ដើម្បីស្វែងរកគំនិតម្នាក់បន្តិចៗ គឺរកច្រកបានចេញហើយ ។ ការដោះស្រាយនោះ លោក ជឺ គឹមហៃ មិនត្រឹមប្រើធម៌ព្រះពុទ្ធប៉ុណ្ណះ លោកថែមទាំងបានយករឿងគតិលោកជាច្រើនមកពន្យល់ប្រជាពលរដ្ឋផងដែរ ។

លោក ជឺ គឹមហៃ ក៏អរគុណក្រុមហ៊ុន ដែលបានដោះស្រាយបញ្ហានេះតាមអ្វីដែលជាសំណូមពររបស់ប្រជាពលរដ្ឋ ។ លោកបានផ្តល់លេខទូរស័ព្ទផ្ទាល់ខ្លួនរបស់លោកជូនដល់ប្រជាពលរដ្ឋ បើមានបញ្ហាអី សូមផ្ដល់ព័ត៌មាន ឬខលរាយការណ៍ប្រាប់លោក ដើម្បីអន្តរាគមន៍ ។ លោកបានអប់រំ និងស្នើសុំប្រជាពលរដ្ឋឲ្យកុំល្បែងស៊ីសង កុំប្រើប្រាស់គ្រឿងញៀន និងបានស្នើឲ្យប្រជាពលរដ្ឋជួយរាយការណ៍មកអាជ្ញាធរដើម្បីទប់ស្កាត់ ប្រសិនបើមានករណីខាងលើនេះ និងករណីចោរកម្មបានកើតឡើង ។ ថែមពីលើនេះ លោក ជឺ គឹមហៃ ក៏បានអំពាវនាវនាំគ្នាទៅចាក់ថ្នាំវ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ដូសផងដែរ ។

គួរបញ្ជាក់ថា អាងទឹកព្រែករាំង គឺជាដីអាងទឹករបស់រដ្ឋប្រមាណ ១០ ហិកតា ហើយត្រូវបានប្រជាពលរដ្ឋ ៤៧ គ្រួសារនៅក្នុងភូមិព្រែករាំងចូលទៅអាស្រ័យផល ។ ក្រោយមកដោយសារតែអាងទឹកនេះ កាន់តែគោករាក់ រដ្ឋបាលក៏បានមានគម្រោងជីកស្តារអាងទឹកនេះ ដើម្បីស្តុកទឹកឲ្យបានច្រើន សម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋប្រើប្រាស់ស្រោចស្រព្វផលដំណាំ ។ ស្ថិតក្នុងគម្រោងនេះ ក៏មានក្រុមហ៊ុនមួយបានស្នើដល់ក្រសួងពាក់ព័ន្ធសុំអាជ្ញាប័ណ្ណ ដើម្បីអភិវឌ្ឍលើគម្រោងនេះ ។ ប៉ុន្តែការអភិវឌ្ឍន៍ក៏បានចេញមុខដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋ ៤៧ គ្រួសារដែលបានចូលអាស្រ័យផលលើដីអាងទឹកនេះ ។ ប៉ុន្តែការដោះស្រាយនេះ តាំងពីលោក ជឺ គឹមហៃ មិនទាន់បានឡើងកាន់តំណែងជាអភិបាលស្រុកនៅឡើយ គឺរយៈពេលជាច្រើនឆ្នាំ ដោះស្រាយមិនត្រូវគ្នាសោះ ដោយសារប្រជាពលរដ្ឋមិនទទួលយកដំណោះស្រាយនោះ ។ ឥឡូវប្រជាពលរដ្ឋបានយល់ព្រមទទួលយកដំណោះស្រាយរបស់លោកអភិបាលស្រុកដែលទើបឡើងកាន់តំណែងថ្មីថ្មោងនេះហើយ ។ ហើយការទទួលយកនេះ ប្រជាពលរដ្ឋម្នាក់ៗ សុទ្ធតែបាននិយាយថា ពួកគាត់ទទួលការដោះស្រាយទាំងសប្បាយចិត្ត និងមិនមានការបង្ខិតបង្ខំពីអាជ្ញាធរឡើង ។ ប្រជាពលរដ្ឋថែមទាំងបានថ្លែងអំណរគុណដល់លោកអភិបាលស្រុកថ្មី ដែលបានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយនេះ ៕

Check Also

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយ

Leave a Reply

Your email address will not be published. Required fields are marked *