Breaking News

ទឹកទន្លេមេគង្គបានហក់ឡើងកម្ពស់​​១២.២២ម៉ែត្រ​ បណ្តាល​ឲ្យ​​ទឹកហូរ​ចូលកន្លែងទំនាប និងព្រែកចំនួន​២២​ លើ​៤១​ព្រែក​ ក្នុង​ខេត្តកំពង់ចាម

កំពង់ចាម​៖ ស្ថានភាពទឹកទន្លេមគង្គក្នុងខេត្តកំពង់ចាមនៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២ បានហក់ឡើងសារជាថ្មីកម្ពស់​ជាង​កន្លះ​ម៉ែត្រ​ ត្រឹមរយៈពេល​ ២៤ម៉ោង​ ធ្វើឲ្យទឹក​កេីនឡេីង​កម្ពស់​​១២.២២ម៉ែត្រ​​ ពោលគឺ​ទឹកខ្ពស់ជាងឆ្នាំមុន​ដែល​មាន​កម្ពស់​ត្រឹមតែ​ ៨.១៦ម៉ែត្រ​ប៉ុណ្ណោះ​ ។ 

លោក​ ​អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ចាម​ ​បាន​បញ្ជាក់​​ថា​ កម្ពស់​ទឹកទន្លេមេគង្គ​ ត្រឹម​រយៈពេល​ ២៤ម៉ោង​ បាន​ហក់ឡើង​កម្ពស់​ ០.៦៦ម៉ែត្រ​ ធ្វើ​ឲ្យ​ទឹក​កេីនឡេីង​​កម្ពស់​ ១២.២២ម៉ែត្រ​ ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​ការ​ប្រុងប្រយ័ត្ន​ ១៥.២០ម៉ែត្រ​ បណ្តាល​ឲ្យ​​ទឹកហូរ​ចូលកន្លែងទំនាប និងព្រែកចំនួន​ ​២២​ លើ​ ៤១​ព្រែក​ ក្នុង​ខេត្តកំពង់ចាម​ ដែល​ក្នុង​នោះ​ទឹក​បានលូនចូល ស្ថិតនៅ​ក្នុងស្រុកស្ទឹងត្រង់ចំនួន៥ ស្រុកកំពង់សៀម៣  ស្រីសន្ធរ២ កោះសូទិន៥ និងក្នុងស្រុកកងមាស​ចំនួន​ ៧​ព្រែក​ ។ 

បេីយោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ (ចាប់ពីថ្ងៃទី២៤​ ដល់ថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០២២ )​ ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល​នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ​ និងខ្យល់កន្ត្រាក់ ទន្ទឹមនោះផ្នែកខ្លះក៍អាចមានភ្លៀងជាបង្គួរ​ទៀត​ផង ។​ ចំពោះ​តំបន់ខ្ពង់រាបនឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ ទន្ទឹមនោះផ្នែកខ្លះក៍ អាចមានភ្លៀងជាបង្គួរផងដែរ ។​ ដោយឡែក​តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ​ ផងដែរ​ ៕

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *