ភ្នំពេញ៖ តូបក្នុងផ្សារទួលសង្កែជាច្រើនតូបត្រូវបានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចបង្ការពន្លត់អគ្គីភ័យចេញរថយន្តជាច្រើនគ្រឿងមកជួយអន្តរាគមន៍ នៅវេលាម៉ោង ១១:៣០ នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចទីតាំងក្នុងផ្សារតូចទួលសង្កែ ដែលសិ្ថតនៅផ្លូវលេខ៩០១ ក្រុម២ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ម្ចាស់ទីតាំងឈ្មោះ សុខ រី ភេទ ស្រី អាយុ ៥០ ឆ្នាំ ជនជាតិខែ្មរ មុខរបរ អាជីវករ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងគេឃើញមានអណ្ដាតភ្លើងឆេះចេញពីតូបលក់កាហ្វេ ហើយក៏រាលដាលដល់តូបជាប់ៗគ្នា ទើបមានការភ្ញាក់ផ្អើលជាខ្លាំងដល់ពលរដ្ឋរស់នៅជិតខាងចេញមក ដោយអ្នកខ្លះយកបំពង់ពន្លត់អគ្គីភ័យ យកធុង យកចានដែក តទុយោទឹកតូចៗតាមផ្ទះ និងសហការគ្នាយ៉ាងសស្រាក់ សស្រាំ ទម្លុះទ្វារ ជះនិងបាញ់ទឹកពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ច មួយសន្ទុះក្រោយមកទើបមានកម្លាំងជំនាញចេញរថយន្តបង្ការ និងសង្គ្រោះអគ្គីភ័យចុះមកដល់កន្លែងកើតហេតុធ្វើការបាញ់ទឹកពន្លត់ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ១២ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៦ រថយន្ត ស្មើរនឹង ២៨ម៉ែត្រគូប ។រថយន្តជំនួយអន្តរាគមន៍រថយន្តសាលាខណ្ឌឬស្សីកែវចំនួន ០១ គ្រឿង ពុំបានប្រើប្រាស់ទឹក ។រថយន្តក្រុមហ៊ុន OCICជ្រោយចង្វារ ចំនួន ០៦ គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០១ រថយន្ត សើ្មនឹង ០៦ម៉ែត្រគូប ។
ក្នុងហេតុការណ៍អគ្គីភ័យឆាប់ឆេះខាងលើនេះសមត្ថកិច្ចបានពន្លត់ចប់ឱ្យរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ១២:២០ នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២២ ។
មូលហេតុដែលបណ្ដាលឱ្យមានករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចបានបញ្ជាក់ថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។ចំពោះការខូចខាតតូបអស់ចំនួន០៩តូប នឹងសំភារះមួយចំនួនតែមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសនោះឡើយ៕