ភ្នំពេញ៖ ផ្លូវជាតិលេខ២ ដែលត្រូវបានក្រុមហ៊ុនធ្វើផ្លូវមួយ ធ្វើមិនចប់តាមកិច្ចសន្យា មិនទាន់ផែនការ មិនជាប់ស្តង់ដារ ពុំមានគុណភាព រហូតដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ធ្លាប់ព្រមានម្ដងជាពីរដងរួចមកហើយ។
នេះបើតាមប្រជាពលរដ្ឋបានឲដឹងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះថា មួយយប់ៗចង់ទល់ភ្លឺ មានក្រុមរថយន្តដឹកខ្សាច់ជាច្រើនគ្រឿងបានកំពុងដឹកជញ្ជូនខ្សាច់ទាំងទឹកហូរស្រោចពាសពេញផ្លូវ លាយឡំជាមួយខ្សាច់ កកពេញផ្លូវជាតិលេខ២ ពិសេសចំណុចក្បែរផ្លូវចូលវត្តព្រែកថ្លឹង ស្ថិតនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្រុមរថយន្តដឹកខ្សាច់ទាំងនោះ ភាគច្រើនគឺប្រភេទយីឌុប ដឹកអត់គ្រប ដឹកខ្សាច់ទាំងសើម ទាំងទឹក បើកបរវ៉ាជែង។ មិនដែលឃើញ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោចុះមកពិនិត្យមើលផ្លូវជាតិលេខ២នេះទេ។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២សារព័ត៌មានយើង បានចុះពិនិត្យមើលជាក់ស្តែង ដោយសង្កេតឃើញថា ដីខ្សាច់គឡើងខ្ពស់ដូចជាភ្នំខ្សាច់ គឺខ្សាច់ដែលត្រូវបានគេយកអេស្កាមកឈូសឆាយគក្រោយពីក្រុមរថយន្តដឹកខ្សាច់ទាំងអស់នោះបាននាំគ្នាដឹកមិនគោរពច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក និងច្បាប់ទាក់ទងជាមួយរ៉ែថាមពល។
ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋក៏បានសំនូមពរដល់ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ចុះមកពិនិត្យមើលផ្លូវជាតិលេខ២ ចំណុចក្បែរផ្លូវចូលវត្តព្រែកថ្លឹង និងមានវិធានការច្បាប់ឲ្យបានតឹងរ៉ឹងជាមួយក្រុមរថយន្តដឹកជញ្ជូនដីខ្សាច់ទាំងអស់នោះផង៕SRN