(ព្រះវិហារ)៖ ករណីនេះ ស្ត្រីម្នាក់ទៅសម្រាលកូនហើយស្លាប់ ត្រូវតំណាងគ្រូពេទ្យអះអាងថា ជារឿងគ្រោះថ្នាក់ចៃដន្យ ដែលនឹកស្មានមិនដល់។ មន្ទីរពហុព្យាបាល និងសម្ភព ព្រះវិហារដែលមានលោក គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ ជាម្ចាស់ភាគហ៊ុន បានរងការចោទប្រកាន់ថា ធ្វើការខ្ជីខ្ជាធ្វេសប្រហែស ទុកស្ដ្រីដែលត្រូវសំរាលកូន រយៈពេលយូរ មិនព្រមធ្វើការវះកាត់តាមការទាមទាររបស់ប្ដី បណ្ដាលឱ្យស្ដ្រីរងគ្រោះ ប្រឹងរហូតអស់កម្លាំងនិងដាច់ខ្យល់ស្លាប់ បន្ទាប់ពីគ្រូពេទ្យដាក់ថ្នាំសណ្ដំ បម្រុងធ្វើការវះកាត់។
សូមជម្រាបថា”មន្ទីរពហុព្យាបាលនិងសម្ភពព្រះវិហារ” ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់ប៉ាលហា ក្រុងព្រះវិហារ ខេត្ត ព្រះវិហារ ដោយមានលោក គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារជាម្ចាស់ភាគហ៊ុន។
ស្ត្រីរងគ្រោះឈ្មោះ ខៃ ស្រីទូច អាយុ ៣៤ឆ្នាំ នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានស្លាប់(រួមនិងកូនប្រុសក្នុងផ្ទៃ) កាលពីថ្ងៃទី០៤ខែ កញ្ញា ២០២២ បន្ទាប់ពីចូលសំរាលកូនទី២ រយៈពេល១យប់។
សេចក្ដីរាយការណ៍ឱ្យដឹងថា ស្ដ្រីរងគ្រោះធ្លាប់សំរាលកូន ប្រុសដំបូងដោយវិធីវះកាត់គឺមានសុវត្ថិភាព។ ក្រោយ មកទៀតនាង បានពពោះកូនប្រុសទី០២ ដោយនាងមានសុខភាពរឹងមាំធម្មតា និងបានតាមដានសុខភាព ជាប្រចាំទៀតផង។ លុះដល់ព្រលប់ថ្ងៃទី០៣ខែកញ្ញា ២០២២ នាងបានឈឺពោះ ហើយក៏ធ្វើដំណើរជាមួយប្ដី ទៅសំរាលកូនទី២ នៅ”មន្ទីរពហុព្យាបាល និងសម្ភព ព្រះវិហារ”ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់ប៉ាលហា ក្រុងព្រះវិហារ។
ពេលមកដល់ក្រុមគ្រូពេទ្យបានឱ្យនាងសំរាក១យប់ ស្រាប់តែព្រឹកឡើងថ្ងៃទី០៤ ខែកញ្ញា ២០២២ នាងបានស្លាប់រួមនិងកូនក្នុងផ្ទៃ។
លោក យ៉ាន់ ម៉េងហាក់ មេបញ្ជាការរងមូលដ្ឋាអាវុធហត្ថក្រុងព្រះវិហារ ត្រូវជាប្ដីរបស់ស្ដ្រីរងគ្រោះ បានទ្រហោយំ ប្រាប់អ្នកសារព័ត៌មានថា លោកពិតជាអាណិតប្រពន្ធនិងកូនខ្លាំងណាស់ និងមិនអាចទទួលយកបានទេ ចំពោះការស្លាប់នេះ។
លោកបន្តថា មុនពេលទៅសំរាលកូន,ប្រពន្ធរបស់លោក មានសុខភាពរឹងមាំធម្មតា។ ដោយនាងឈឺពោះគ្រប់ខែ លោកក៏នាំនាងទៅសំរាលកូននៅ”មន្ទីរពហុព្យាបាល និងសម្ភព ព្រះវិហារ”។ ក្នុងនោះគ្រូពេទ្យ បានឱ្យភរិយាលោកសំរាកក្នុងមន្ទីរពេទ្យ ខណៈរូបគាត់ជាប្ដីនៅមើលថែប្រពន្ធក្នុង មន្តីរពេទ្យផងដែរ។
ប្ដីស្ដ្រីរងគ្រោះបន្តថា នៅយប់ថ្ងៃទី០៣ខែកញ្ញា ២០២២ ប្រពន្ធខ្លួនបានឈឺពោះបែកទឹកភ្លោះ ប្រុងសំរាលកូន។ ដោយឃើញអាការៈប្រពន្ធបែបនោះខ្លួនបារម្ភជាខ្លាំង ព្រោះថា កាលនាងសំរាលកូនទី១ ក៏វះកាត់ដែរ។ ជា មួយគ្នានេះ លោក បានទទូចសុំឱ្យក្រុមគ្រូពេទ្យ ធ្វើការវះកាត់ ដើម្បីជួយពន្លឿន កុំឱ្យស្ដ្រីរងគ្រោះឈឺពោះយូរពេក ខ្លាចនាងអស់កម្លាំង។
ប៉ុន្តែ ក្រុមគ្រូពេទ្យធ្វេសប្រហែសមិនយកចិត្តទុកដាក់មិនអើពើ វះកាត់តាមការទាមទារនោះឡើយ ។ ដោយទុកឱ្យនាងឱ្យប្រឹង សំរាលតាមបែបធម្មជាតិ ខណៈបែកទឹកភ្លោះយូរផងនោះ បណ្ដាលឱ្យនាងអស់កម្លាំងស្ទើរផុតដង្ហើម។ ឃើញសភាពបែបនោះ ក្រុមគ្រូពេទ្យបានដាក់ថ្នាំសណ្ដំឱ្យនាងសន្លប់ ដើម្បីវះកាត់ស្របពេលនោះនាងអស់កម្លាំងផង ហើយត្រូវថ្នាំសណ្ដំទៀត បណ្ដាលឱ្យ នាងស្លឺភ្នែក ដកចង្កាមាន់ ដេកស្ដូកលែងដឹងខ្លួន លែងរើបម្រាសអ្វីទាំងអស់។
ក្រោយឃើញនាង ស្ដូកស្ដឹងបាត់ដង្ហើមលែងដឹងខ្លួនបែបនេះស្រាប់តែគ្រូពេទ្យហាក់ភិតភ័យក៏ដឹកជនរង គ្រោះ ដែលស្លាប់ទៅហើយនោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ដើម្បីគេចពីការទទួល ខុសត្រូវ ។ បន្ទាប់មកទៀត សាកសពរងគ្រោះ ត្រូវបានដឹកបន្តមកផ្ទះវិញ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
លោក យ៉ាន់ ម៉េងហាក់ ដែលត្រូវជាប្ដីស្ដ្រីរងគ្រោះបានចាត់ទុក”មូលហេតុមកពីគ្រូពេទ្យ ធ្វើការខ្ជីខ្ជាធ្វេស ប្រហែស ទុកប្រពន្ធខ្លួនយូរ មិនព្រមធ្វើការវះកាត់ជា ហេតុនាំឱ្យ នាងអស់កម្លាំង ហើយដាក់ថ្នាំសណ្ដំទៀតទើបនាងស្លាប់”។
ប្ដីស្ដ្រីរងគ្រោះបញ្ជាក់ថា ខណៈប្រពន្ធកំពុងឈឺពោះនោះ ខ្លួនបានកក់បន្ទប់ VIP លេខ860 សម្រាប់ត្រៀមសំរាកក្រោយវះកាត់ ។ ប៉ុន្តែគ្រូពេទ្យមិនវះកាត់ឡើយ ដោយឱ្យរង់ចាំរហូត ទាល់តែនាងស្លាប់ ទើបភ័យស្លន់ស្លោរបញ្ជូនសពចេញ។
ជាការឆ្លើយតបតំណាងមន្ទីរពហុព្យាបាលនិងសម្ភព ព្រះវិហារអះអាងថា ខ្លួនមិនបានពន្យារពេលវះកាត់នោះទេ។ គ្រូពេទ្យរូបនោះបន្តថានេះជារឿងចៃដន្យមួយគ្រោះ ថ្នាក់បន្ទាន់ ដែលកម្រនឹងជួបមនុស្សកើតចាស់ឈឺស្លាប់ ជាច្បាប់ធម្មជាតិ ខណៈក្រុមគ្រូពេទ្យជួយអស់ពីលទ្ធ ភាពហើយ។
ចំណែកលោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រះវិហារ បានថ្លែងថា ករណីនោះ គ្រូពេទ្យបម្រុងធ្វើការវះកាត់ស្ដ្រីរងគ្រោះហើយ។ ប៉ុន្តែក្រោយពេល ដាក់ថ្នាំសណ្ដំស្រាប់តែនាង”អ័ព្ទស្លេរ”សម្ពាធឈាមធ្លាក់ចុះ ជិតផុតដង្ហើម។ ខណៈអត្រានៃការស្លាប់របស់នាងខ្ពស់បំផុតរហូតដល់៨៥% ក្នុងនោះលោក គួង ឡូ ក៏បានជម្រុញឱ្យគ្រូពេទ្យជួយសង្គ្រោះផងដែរ។
បើតាមលោក គួង ឡូ នេះជាករណីស្បូនកន្ត្រាក់បែក ទឹកភ្លោះហូរចូលសសៃឈាម និងសួត បណ្ដាលឱ្យកម្ទេចផ្សេងៗស្ទះចរន្ត ទើបនាងស្លាប់។ ក្នុងនោះលោក គួង ឡូ ក៏បានទទួលស្គាល់ដែរថា លោកពិតជាមានភាគហ៊ុន នៅក្នុងមន្ទីរពហុព្យាបាល នឹងសម្ភព ព្រះវិហារ ពិតប្រាកដមែន។
រីឯលោក សុក វាសនា ប្រធានមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ បានថ្លែងប្រាប់នៅរសៀលថ្ងៃទី០៦ ខែ កញ្ញា ២០២២ថា ពេលនោះស្ដ្រីរងគ្រោះត្រូវបានដឹកមកកាន់ មន្ទីរពេទ្យបង្អែក របស់លោក ត្រឹមតែ២៥នាទីប៉ុណ្ណោះ រួចក៏ដឹកសពទៅធ្វើបុណ្យ ។ ចំពោះការវិនិច្ឆ័យបែបណានោះ? លោកសូមមិនបកស្រាយឡើយ ដោយថាជំនាញកំពុងស្រាវជ្រាវ៕SRN