ភ្នំពេញ÷ស្ត្រីម្នាក់បានរងរបួសព្រោះតែចោរឆក់កាបូបរបស់គាត់មិនបានសម្រេច ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ (ព្រះមុន្នីរ៉េត)ច្រមុះជ្រូកស្ទឹងមានជ័យ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ធា រី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកាត់ដេរស្នាក់នៅសង្កាត់ច្បារអំពោទី១ ខណ្ឌច្បារអំពៅ ។
យោងតាមសម្តីស្ត្រីរងគ្រោះនិងប្តីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់និងប្តីជិះម៉ូតូម្នាក់មួយគ្រឿងចេញមកពីផ្ទះដើម្បីទៅបម្រើការងារនៅរោងចក្រម្តុំសួនកាណាឌីយ៉ាដូចសព្វដង លុះមកដល់ចំនុចកើតហេតុប្រពន្ធជិះម៉ូតូពីមុខប្តីជិះតាមពីក្រោយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៍ខ្មៅមួយគ្រឿងពុំចាំផ្លាកលេខ បានជិះមកក្បែរស្ត្រីជាប្រពន្ធរបស់គាត់ ហើយក៏បានធ្វើសកម្មភាពឆក់ទាញយកកាបូបពីជនរងគ្រោះប្រតាយប្រតបគ្នាបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសស្រាល ។
ក្រោយពេលកើតហេតុសមត្ថកិចប៉ុស្តិស្ទឹងមានជ័យទី១បានចុះទៅសួនាំជនរងគ្រោះ តែដោយសារតែជនរងគ្រោះមិនបានបាត់បង់ទ្រព្យសម្បត្តិក៏មិនបានទៅដាក់ពាក្យបណ្តឹងនោះឡើយ៕SRN