ព្យុះកំណាច Hinnamnor បានបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិត មនុស្សជាច្រើន បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។ ព្យុះ Hinnamnor បានធ្វើឲ្យសាលារៀនជាង ពាក់កណ្តាលនៅកូរ៉េខាងត្បូងត្រូវបិទទ្វារ ដោយរៀនតាមអនឡាញវិញនៅថ្ងៃទី ៧ខែកញ្ញា។
ជាមួយគ្នានេះដែរ អាកាសយានដ្ឋាន អន្តរជាតិចំនួន១២នៅកូរ៉េខាងត្បូង ត្រូវបានផ្អាកការហោះហើរចំនួន២៥១ជើង។ ជាមួយគ្នានេះដែរ ជើងរថភ្លើងចំនួន៣៥៤ ក៏ត្រូវបានលុបចោលផងដែរ
មន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃទី ៧ខែកញ្ញា បានប្រកាសថា មានអ្នកស្លាប់ដោយព្យុះកំណាច មានឈ្មោះថា Hinnamnor ដែលបានបក់បោកចូលក្នុងប្រទេសនេះ បានសម្លាប់មនុស្ស១០ នាក់ និងបាត់ខ្លួនជាច្រើននាក់ផងដែរ។ ព្យុះ Hinnamnor បានវាយលុកឆ្នេរសមុទ្រភាគខាងត្បូង ជាមួយនឹងរលកដ៏ធំនិងភ្លៀងធ្លាក់យ៉ាងខ្លាំង ក្នុងសប្តាហ៍នេះ។
ទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពបានឲ្យដឹងថា នៅទីក្រុងកំពង់ផែ ភាគអាគ្នេយ៍នៃទីក្រុង Pohang ដែលជាតំបន់រងគ្រោះខ្លាំងបំផុត សាកសពចំនួន ៧ នាក់ និងអ្នកនៅរស់រានមានជីវិតពីរនាក់ត្រូវបានទាញចេញពីចំណតក្រោមដីដែលលិចទឹកនៃអគារផ្ទះល្វែងមួយ។
អ្នកទាំងប្រាំបួននាក់ត្រូវបានជាប់ បន្ទាប់ពីពួកគេបានចូលទៅក្នុងចំណតរថយន្តដើម្បីផ្លាស់ទីរថយន្តរបស់ពួកគេក្នុង អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបន្តនៅថ្ងៃពុធ ហើយអាជ្ញាធរបាននិយាយថា មនុស្សពីរនាក់នៅតែបាត់ខ្លួននៅឡើយ។
ព្យុះ Hinnamnor បានបង្ខំមនុស្សជាង ៤៧០០ នាក់ឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដើម្បីសុវត្ថិភាព ហើយវាបានបំផ្លាញផ្ទះនិងអគារប្រហែល ១២០០០ ។ អាជ្ញាធរបាននិយាយថា គ្រួសារជិត ៩ម៉ឺន គ្មានថាមពលប្រើប្រាស់ នៅទូទាំងប្រទេស ខណៈដែលព្យុះបានវាយប្រហារ ប៉ុន្តែការផ្គត់ផ្គង់ត្រូវបានស្ដារឡើងវិញដល់ពួកគេភាគច្រើន នៅព្រឹកថ្ងៃទី៧ខែកញ្ញា៕