Breaking News

យុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ចំនួន ២៥ នាក់នៃវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ទទួលបានវគ្គបណ្តុះបណ្តាលជាមូលដ្ឋានសាខាកក្រក

ខេត្តប៉ៃលិន៖ នៅថ្ងៃ ពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែ  កញ្ញា ឆ្នាំ  ២០២២ ដោយមានការចង្អុលដឹកនាំពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិកាសាខា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ស្តីពី ប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម តួនាទីភារកិច្ចរបស់យុវជន និង វិជ្ជាសង្រ្គោះបឋម រយៈពេល ១ថ្ងៃពេញ ជូនដល់យុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ចំនួន ២៥នាក់(ស្រី ១៣នាក់)  នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន។

លោកជំទាវ ពៅ សុខ បានពាំនាំនូវប្រសាសន៍ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  ខេត្តប៉ៃលិន ផ្តាំផ្ញើសួរសុខទុក្ខដល់    ក្មួយៗយុវជនទាំងអស់ ដែលបានចូលរួមជាមួយចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា  សំដៅជួយរំលែកទុក្ខលំបាករបស់ជនរងគ្រោះ  និងងាយរងគ្រោះដោយប្រការផ្សេងៗ ។

 លោកជំទាវបានគូសបញ្ជាក់ពីគោលបំណងនៃការបើកវគ្គនេះគឺ  ដើម្បីពង្រឹង  និង ពង្រីកកម្លាំងមនុស្សធម៌  ក្នុងនោះឱ្យយុវជនកាកបាទក្រហមយើង  បានយល់ដឹងស៊ីជម្រៅពីចលនាកាកបាទក្រហម  តួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ  ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ជាពិសេសការសង្គ្រោះក្នុងបរិបទជំងឺកូវីដ១៩ ។

  វគ្គបណ្តុះបណ្តាលបានបញ្ចប់នៅវេលាម៉ោង ៤និង៥៥ នាទីរសៀល ក្រោមអធិបតិភាព ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខា មានប្រសាសន៍សូមសម្តែងនូវការកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ ។

 ឯកឧត្តម នាយកសាខា បានមានមតិផ្តាំផ្ញើដល់ ក្មួយៗយុវជនទាំងអស់ត្រូវខិតខំរៀនសូត្រនៅសាលាដើម្បីជាទំពាងស្នងឬស្សី បណ្តុះគំនិតអោយចេះស្រលាញ់ការងារសង្គមដើម្បីខ្លាយខ្លួនជាយុវជនគំរូ ត្រូវជៀសវាងអោយឆ្ងាយនូវទង្វើមិនគម្បីនានាដែលសង្គមស្ពប់ខ្ពើម និងអោយយកចំណេះវិជ្ជាដែលបានសិក្សាយកទៅចែករំលែងបន្តដល់សិស្សានុសិស្ស  ។ក្នុងឱកាសនេះ ឯកឧត្តម បានប្រគល់ វិញ្ញាបនបត្របញ្ចាក់សិក្សា ជូនក្មួយៗយុវជន ចំនួន ២៥ វិញ្ញាបនបត្រ ដែលសិក្សានៅថ្ងៃនេះ និង ចំនួន ២៥ វិញ្ញាបនបត្រ សម្រាប់យុវជនដែលទទួលបានវគ្គបណ្តុះបណ្តាលកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ សរុបរួមចំនួន ៥០ វិញ្ញាបនបត្រ។ កម្មវិធីនេះបញ្ចប់ដោយស្មារតីសាមគ្គីភាពល្អប្រសើរ និងទទួលបានជោគជ័យ៕

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *