Breaking News

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុនមិត្តហ្វូនចូលជួបសំដែងការគួរសម និងបង្ហាញមុខ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោក ហ៊្វុង វ៉ាន់គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន ចប់អាណត្តិចូលជួបសម្ដែងការគួរសម ជម្រាបលា និងបង្ហាញមុខលោក កៅ ម៉ាញ់ឌឹក ជាអគ្គនាយកថ្មី។

 

ក្នុងឱកាសនោះ លោក ហ៊្វុង វ៉ាន់គឿង បានជម្រាបជូនពីរយៈពេលជាង៣ឆ្នាំ ដែលលោកបានបំពេញការងារអាជីវកម្មនៅកម្ពុជា ក្នុងស្ថានភាពជំងឺកូវីដ-១៩ កើតឡើង តែជាភ័ព្វសំណាងស្ថានភាពនៃការឆ្លងជំងឺនេះបានធូរស្រាលទៅវិញ និងមិនធ្វើឲ្យប៉ះពាល់ធំធេងដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។

លោក ហ៊្វុង វ៉ាន់គឿង បានគូសបញ្ជាក់ថា ស្ថានភាពធូរស្រាលនៃជំងឺកូវីដ-១៩នេះ គឺអាស្រ័យដោយមានការដឹកនាំឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ក្នុងនោះកងយោធពលខេមរភូមិន្ទបានចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តវិធានការនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល។

លោកអគ្គនាយកក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលតែងបានជួយគាំទ្រដល់ដំណើរការអាជីវកម្មក្រុមហ៊ុនមិត្តហ្វូន និងធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យដល់ថ្ងៃនេះ។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ចំពោះអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន ដោយលើកឡើងថា ការចូលជួបសំដែងការគួរសមរបស់អគ្គនាយកនាឱកាលនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការល្អដែលក្រុមហ៊ុន និងកងយោពលខេមរភូមិន្ទធ្លាប់មានកន្លងមក។

 នាយឧត្តមសេនីយ៍ វង្ស ពិសេន បានយល់ស្របចំពោះការវាយតម្លៃរបស់អគ្គនាយកក្រុមហ៊ុន ចំពោះស្ថានការណ៍គ្រប់គ្រងជំងឺកូវីដ-១៩នៅកម្ពុជា ហើយថានេះមិនមែនជាការចៃដន្យទេ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩។

តាមរយៈអគ្គនាយកក្រុមហ៊ុនថ្មី នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ សង្ឃឹមថា ក្រុមហ៊ុនមិត្តហ្វូន និងកងយោធពលខេមរភូមិន្ទ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នសកាន់តែល្អប្រសើរថែមទៀត៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *