កណ្តាល៖ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបញ្ជាឲ្យកម្លាំងជំនាញចាប់វ៉ៃខ្នោះបុរសជនជាតិវៀតណាមម្នាក់ក្នុងចំណោមបក្សពួក០២នាក់ ជាមុខសញ្ញាប៉ុនប៉ងធ្វើសកម្មភាពលួចកាលពីវេលាម៉ោង០០៖៣០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ នៅចំណុចក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ង្វៀង វ៉ង់ វី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅចាក់អង្រែក្រោម ខណ្ឌមានជយ័ រាជធានីភ្នំពេញ រីឯ ម្នាក់ទៀតឈ្មោះ គី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរត់គេចខ្លួន។ លោកវរសេនីយ៍ឯកបន្តថា ចំពោះវត្ថុតាងដែលកម្លាំងសមត្ថកិច្ចជំនាញចាប់យកបានរួមមាន៖ ម៉ូតូ០១គ្រឿង និងសម្ភារះត្រៀមធ្វើសកម្មភាពមួយចំនួនទៀត។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា មុនកើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្តិ៍កំពង់សំណាញ់បានចេញល្បាតដល់ត្រង់ចំណុចផ្លូវបេតុងក្នុងភូមិកំពង់សំណាញ់១ ស្រាប់តែឃេីញជនសង្ស័យពីរនាក់ជិះម៉ូតូ១គ្រឿងងាកមេីលចុះឡេីងទៅផ្ទះរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ដោយមានការសង្ស័យក៏បានឃាត់ធ្វេីការឆែកឆេររកឃេីញវត្ថុតាងមួយចំនួនដូចខាងលេី យកទៅសាកសួរនៅប៉ុស្តិ៍ ពេលនាំខ្លួនជនសង្ស័យទាំងពីរនាក់ទៅដល់ប៉ុស្តិ៍ថតរូបរួចដេីម្បីធ្វេីការសាកសួរស្រាប់តែជនសង្ស័យម្នាក់ឈ្មោះគី បានរត់គេចខ្លួនបាត់តែម្តង ឯជនសង្ស័យឈ្មោះង្វៀង វ៉ង់វី មិនព្រមឆ្លេីយសារភាពនូវសកម្មភាពបទល្មេីសរបស់ខ្លួននិងបក្សពួកឡេីយ គឺខ្លួនត្រូវបានឈ្មោះគីបបួលជិះម៉ូតូជាមួយដេីម្បីតាមរកប្រពន្ធគាត់ដែលបានចាកចេញពីផ្ទះបីថ្ងៃមកហេីយតែប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការនគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនិតិវិធីច្បាប់៕