Breaking News

អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមចែកជូនពលរដ្ឋ៥២គ្រួសារ មកស្នាក់នៅទីទួលសុវត្ថិភាពនៅឃុំជីរោទ៍ទី២

ខេត្តត្បូងឃ្មុំ៖ បន្ទាប់ពីទឹកទន្លេមេគង្គបន្តហក់ឡើងជាបន្តបន្ទាប់ បណ្តាលជន់លិចភូមិស្ថាន ផ្ទះសម្បែង និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេក្នុងឃុំជីរោទ៍ទី១ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ភ្លាមនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំឲ្យអាជ្ញាធរជម្លៀសបងប្អូនប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ជាបណ្តោះអាសន្នដើម្បីធានាបាននូវសុខសុវត្ថិភាព។ដែលទីទួលសុវត្ថិភាពនោះស្ថិតនៅក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ខណៈកម្ពស់ទឹកឡើងជិត១៤ម៉ែត្រ ដោយកម្ពស់ទឹកចំណុចប្រកាសអាសន្នចំនួន១៥,២០ម៉ែត្រ។ 

ដោយនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត សមាជិក សមាជិកា គណ:កម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្ត អញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយកាកបាទក្រហមខេត្ត ទៅផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយត្រូវបានជម្លៀសមកពីឃុំចំនួនពីរគឺជីរោទិ៍ទី១ ចំនួន ៤២គ្រួសារ និងឃុំទន្លេបិទចំនួន១០គ្រួសារ សរុបចំនួន៥២គ្រួសារ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនទាំងអស់ដោយសេចក្តីព្រួយបារម្ភ និងតែងតែគិតគូរអំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

 ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានត្រូវសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីរៀបចំការរស់នៅរបស់បងប្អូនឲ្យបានល្អ ពិសេសមានបង្គន់អនាម័យ ក្រុមគ្រូពេទ្យ ថ្នាំសង្កូវ និងភ្លើងបំភ្លឺនាពេលយប់ជាដើម។ 

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពដោយត្រូវប្រកាន់ខ្ជាប់នូវវិធានអនាម័យ ពិសេសបងប្អូនរស់នៅតាមដងទន្លេ ចូរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ។

ចំពោះអំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់គ្រួសារនីមួយៗរួមមាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង និងថវិកាចំនួន២០,០០០រៀល៕

Check Also

តុលាការ ចោទប្រកាន់ជនជួញដូរគ្រឿងញៀន៣នាក់ពីបទសម្អាតប្រាក់

Leave a Reply

Your email address will not be published. Required fields are marked *