Breaking News

កម្លាំងសមត្ថកិច្ចចម្រុះ ចាប់ឡានដឹកអុសខុសច្បាប់ ២០ម៉ែត្រគូប

ខេត្តកំពង់ធំ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការឆ្មក់ចាប់រថយន្តដឹកផល-អនុផលព្រៃឈើ (អុស) ខុសច្បាប់ ខណៈពេលព្យាយាមបើករត់គេចពីជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ តែត្រូវមកអស់លក្ខណ៍នៅចំណុចគល់ស្ពានព្រៃប្រស់ ក្នុងស្រុកកំពង់ស្វាយ។

ប្រតិបត្តិការបង្ក្រាបរថយន្តដឹកផល-អនុផលព្រៃឈើខុសច្បាប់នេះ ដឹកនាំដោយលោកស៊ី កុលស នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ សហការជាមួយនឹងកម្លាំងនគរបាលស្រុកកំពង់ស្វាយ នៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។

លោកស៊ី កុលស នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានឱ្យដឹង កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ថា ក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះ គឺកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ រហូតឈានមកដល់ការបង្ក្រាបបានលទ្ធផលល្អ។

យោងតាមប្រភពព័ត៌មានច្បាស់ការពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ជនល្មើសដែលដឹកជញ្ជូនផល-អនុផលព្រៃឈើ (អុស) ខុសច្បាប់ ជាង២០ម៉ែត្រគូប ឃាត់រថយន្តកូរ៉េ ១គ្រឿង ប្រភេទ ២តោនកន្លះ ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ស្លាកលេខ ហ-០១២៤ ភព៣។ ម្ចាស់រថយន្ត ឈ្មោះហេង បូរ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពពិជ ឃុំចុងដូង ស្រុកបារាយណ៍។

យោងប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា ផល-អនុផលព្រៃឈើនេះ គឺដឹកជញ្ជូនចេញពីព្រៃសហគមន៍ស្រែក្រសាំង ស្ថិតនៅភូមិក្រសាំង ឃុំទ្រា ស្រុកស្ទោង។

រថយន្តដឹកបទល្មើសខាងលើ រួមទាំងជនល្មើស ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *