ព្រះវិហារ៖ នៅ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ អមដំណើរដោយឯកឧត្តមអភិបាលខេត្តព្រះវិហារ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរៈភូមិន្ទ និងជា ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ និងចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់លិចលង់ផ្ទះសម្បែងចំនួន ២៩គ្រួសារ ស្ថិតនៅភូមិចំការស្រម៉ូវ (ចំណុចអូរបាក់) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងនោះប្រជាពលរដ្ឋចំនួន២៣គ្រួសារ បានទទួលអំណោយនៅទីទួលសុវត្ថិភាព រីឯ៦គ្រួសារទៀតត្រូវបានឯកឧត្តមនិងប្រតិភូអមដំណើរនាំយកអំណោយទៅផ្ដល់ជូនផ្ទាល់ដល់លំនៅដ្ឋានដែលរងការលិចលង់។
អំណោយដែលយកទៅផ្ដល់ដល់ពលរដ្ឋនាពេលនេះរួមមាន ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម តង់១ មី ០១កេស ប៊ីចេង ០១កញ្ចប់ ទឹកស៊ីអ៊ីវ ០១ដប និងត្រីខ ០៥កំប៉ុង និងថវិការ១០ម៉ឺនរៀល។
ក្នុងថ្ងៃដដែលឯកឧត្តម អគ្គលេខាធិការ ក៏បានបន្តដំណើរចុះត្រួតពិនិត្យភូមិចំនួនពីរ គឺភូមិសំរោងទាប និងភូមិម្លិៈស្រោង ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងផងដែរ៕