Breaking News

យកដុំថ្មគប់ចូលផ្ទះគេ និងគប់រថយន្តដែលធ្វើដំណើរតាមផ្លូវ ព្រមទាំងវាយកម្ទេចអាស្រមរូបសំណាក់ក្នុងវត្តជាច្រើនលើក សមត្ថកិច្ចណែនាំមិនស្តាប់ ចុងក្រោយជាប់ខ្នោះ

កណ្តាល៖ បុរសម្នាក់ ដែលសមត្ថកិច្ចបញ្ជាក់ថា ធ្លាប់ជាប់ពន្ធនាគារ ៤លើក រួចមកហើយ ឥឡូវត្រូវកម្លាំងនគរបាលស្រុកកៀនស្វាយ ចាប់ខ្លួនជាថ្មីម្ដងទៀត ក្រោយពីបានយកដុំថ្មគប់ចូលផ្ទះគេ និងគប់រថយន្តដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ព្រមទាំងវាយកម្ទេចកន្លែងអាស្រមរូបសំណាក់លោកយាយទេព ដែលស្ថិតនៅក្នុងបរិវេណអារាមវត្តស្តៅកន្លែងបណ្តាលខូចខាត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៦ល្ងាច ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២២ ស្ថិតនៅចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ មុត ចម្រើន ហៅក្លែន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន ០៤លើក រួចមកហើយ ពីបទ ហិង្សាក្នុងគ្រួសារ ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅវេលាកើតហេតុ ជនសង្ស័យខាងលើ បានយកដុំថ្មគប់ចូលផ្ទះរបស់ប្រជាពលរដ្ឋ និងគុបរថយន្តដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ១ ស្ថិតក្នុងភូមិស្តៅកន្លែង២ រួចជនសង្ស័យបានបន្តទៅវាយកម្ទេចកន្លែងអាស្រមរូបសំណាក់លោកយាយទេព ដែលស្ថិតនៅក្នុងបរិវេណអារាមវត្តស្តៅកន្លែង បណ្តាលខូចខាត ។ ក្រោយពីទទួលបានព័ត៌មានបានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានចុះដល់ចំណុចកើតហេតុ ឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកដុំថ្មគប់ទៅខាងមុខផ្ទះរបស់ប្រជាពលរដ្ឋ និងគប់លើរថយន្តដែលកំពុងធ្វើដំណើរតាមផ្លូវ ថែមទាំងទៅវាយកម្ទេចអាស្រមរូបសំណាក់លោកយាយទេព ក្នុងវត្តស្តៅកន្លែង បណ្តាលឱ្យខូចខាតពិតប្រាកដមែន ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះ ធ្លាប់ធ្វើសកម្មភាពដូចខាងលើចំនួន ០២លើក មកហើយ រួចសមត្ថកិច្ចបានហៅមកអប់រំធ្វើកិច្ចសន្យា តែជនសង្ស័យមិនរាងចាល ។ ក្រោយពីសួរនាំរួច ជនសង្ស័យត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី ៕

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *