អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Konstantin Vorontsov កាលពីថ្ងៃទី ៤ខែតុលា បាននិយាយនៅក្នុងមហាសន្និបាទអង្គការសហប្រជាជាតិថា ការដែលអាមេរិក នៅតែបន្តផ្តល់ជំនួយអាវុធទៅឲ្យអ៊ុយក្រែន និងផ្តល់ព័ត៌មានចារកិច្ច កំពុងឈានចូលបន្ទាន់គ្រោះថ្នាក់ អាចផ្ទុះសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ី។
សកម្មភាពខាងលើរបស់រុស្ស៊ី កើតឡើងក្រោយពេល ក្រសួងការពារជាតិអាមេរិក បានប្រកាសបន្តផ្តល់ជំនួយអាវុធមានតម្លៃដល់ទៅ ៦២៥លានដុល្លារឲ្យទៅអ៊ុយក្រែន។
លោក Vorontsov បានលើកឡើងថា សកម្មភាពរបស់អាមេរិក កំពុងតែអូសបន្លាយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នឹងបង្កកឲ្យមានអ្នកស្លាប់កាន់តែច្រើន ជាហេតុបង្កឲ្យមានសង្គ្រាមដោយផ្ទាល់រវាងរុស្ស៊ីនិងណាតូ ។ រុស្ស៊ីបានព្រមានជាច្រើនលើកច្រើនសាមកហើយដល់ប្រទេសលោកខាងលិចពិសេសគឺណាតូ មិនត្រូវផ្តល់ជំនួយអាវុធដល់អ៊ុយក្រែននោះឡើយ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថាទីក្រុងវ៉ាស៊ីនតោននឹងផ្ដល់ជំនួយយោធាបន្ថែម មានទំហំទឹកប្រាក់ ៦២៥លានដុល្លារដល់ទីក្រុងកៀវ ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីល HIMARS ក្នុងពេលដែលកងទ័ពអ៊ុយក្រែននៅតែបន្តភាពជឿនលឿនទៅមុខ ក្នុងការវាយបកលើកងទ័ពរុស្ស៉ី។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានឱ្យដឹងថាលោក ចូ បៃដិន ធ្វើការសន្យាបែបនេះនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ បើតាមសេចក្ដីថ្លែងការណ៍នេះដដែល លោក បៃដិន ក៏បានសន្យាដែរថានឹងបន្តគាំទ្រអ៊ុយក្រែន នៅក្នុងការការពារ ខ្លួនប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី ដរាបណាសង្រ្គាមនៅតែបន្តកើតឡើង។ ចំណែកឯ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថាកញ្ចប់យោធាដែលនឹងផ្ដល់ឱ្យ អ៊ុយក្រែន ក្នុងនោះរួមមានប្រព័ន្ធមីស៊ីល HIMARS ៤គ្រឿង កាំភ្លើង Howitzers ៣២គ្រឿង ជាមួយគ្រាប់ ៧៥,០០០គ្រាប់ រថពាសដែកប្រភេទ MRAP ២០០គ្រឿង រួមទាំងឧបករណ៍ប្រឆាំងគ្រាប់មីន។
ការប្រកាសផ្ដល់ជំនួយយោធាខាងលើនឹងធ្វើឱ្យការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ពីសំណាក់សហរដ្ឋអាមេរិក កើនដល់ជាង ១៦.៨ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕