ខេត្តកណ្តាល៖ ថ្លែងនៅក្នុងឱកាសបើកវិញ្ញាសាប្រឡងជ្រើសរើសបេក្ខជនបញ្ចូលទៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ សម្រាប់ខេត្តកណ្តាល ឆ្នាំ២០២២នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ និងបង្ហាញវិញ្ញាសាដល់បេក្ខជនចូលរួមប្រឡងទាំងអស់ថា វិញ្ញាសាស្ថិតនៅក្នុងស្រោមបិទជិត គ្មានរហែក គ្មានស្លាកស្នាម ព្រមទាំងមានចុះហត្ថលេខារបស់បេក្ខជន និងគណ:កម្មការរៀបចំការប្រឡង ហើយការបើកកញ្ចប់វិញ្ញាសាគឺនៅចំពោះមុខបេក្ខជន និងអនុរក្សទៅតាមពេលវេលា និងតាមបន្ទប់ដែលបានកំណត់ ប្រកបដោយភាពត្រឹមត្រូវ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការប្រឡងនាពេលនេះប្រកបដោយភាពសុក្រិត្យ និងមានតម្លាភាព ដូច្នេះសូមបេក្ខជនទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន និងត្រូវគោរពតាមគោលការណ៍ណែនាំរបស់គណកម្មការប្រឡងឱ្យបានល្អប្រសើរ ព្រោះបើយើងមានសមត្ថភាព នឹងប្រឡងជាប់ជាក់ជាមិនខាន ពោលគឺ ចេះជាប់ ហើយអ្នកដែលបានប្រឡងជាប់សុទ្ធសឹង ជាអ្នកមានសមត្ថភាពដែលអាចចូលបម្រើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
នាឱកាសនោះដែរ ឯកឧត្តមបានលើកទឹកចិត្ត ដល់បេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឱ្យទទួលបាននូវជោគជ័យ ពីព្រោះថាការខិតខំប្រឹងប្រែងរបស់ប្អូនៗនាពេលនេះ គឺដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិផង ដូចនេះត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីឱ្យការប្រឡង ទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាធនធាន ដ៏មានតម្លៃសម្រាប់សង្គមជាតិ។
សូមបញ្ជាក់ផងដែរថា ការប្រឡងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ខេត្តកណ្តាលក្នុងឆ្នាំនេះ មានបេក្ខជន បេក្ខនារី ដាក់ពាក្យប្រឡងចំនួន ១៣៦នាក់ ស្រី៦៨នាក់ ការប្រឡង នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដោយត្រូវធ្វើការជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារចំនួន ២៥នាក់ ស្រីចំនួន ០៦នាក់ ការប្រឡងចាប់ផ្ដើមនៅម៉ោង ៧ : ៣០ នាទី ដល់ម៉ោង ៩: ៣០ នាទី មានវិញ្ញាសាចំណេះដឹងទូទៅ ចំណេះដឹងវិស័យមុខងារសាធារណៈ និងចំណេះដឹងវិស័យពន្ធនាគារ ព្រមទាំង វិញ្ញាសាគណិតវិទ្យា៕