Breaking News

ព័ត៌មានលម្អិតចុងក្រោយ! ករណីលិចទូកចម្លងដឹកកូនសិស្ស អ្នកស្លាប់ឡើងដល់៩នាក់ ជួយសង្គ្រោះបាន៤នាក់ និងបាត់ខ្លួន២នាក់ទៀត កំពុងតាមរាវរកដោយក្រុមសមត្ថកិច្ច

ខេត្តកណ្តាល ៖ សូមបញ្ជាក់បន្ថែមពីព័ត៌មានលម្អិត ចំពោះហេតុការណ៍ដ៏តក់ស្លុតលិចទូកចម្លងដឹកកូនសិស្សចេញពីសាលាទៅផ្ទះ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃត្រង់នេះ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ និងបានរកឃើញសពកើនឡើង៩នាក់ហើយ ខណៈ៤នាក់ត្រូវបានជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់ និង២នាក់ទៀតកំពុងបន្តបាត់ខ្លួន ដែលតាមការសន្និដ្ឋាននោះពួកគេក៏អាចស្លាប់ផងដែរ ព្រោះបាត់ខ្លួន១យប់ដល់ថ្មើនេះហើយ។

សមត្ថកិច្ចបានបញ្ជាក់ពីបញ្ជីឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់៖​

-ទី១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង (រស់)
-ទី២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង (រស់)
-ទី៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រស់)
-ទី៤៖ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (រស់)
សូមបញ្ជាក់ថា, មនុស្ស៤នាក់ខាងលើមានទីលំនៅសព្វថ្ងៃនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ដោយឡែកបញ្ជីឈ្មោះអ្នកស្លាប់ដោយសារលិចទូក និងកំពុងបាត់ខ្លួនរួមមាន ៖

-ទី១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
-ទី២៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
-ទី៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
-ទី៤៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
-ទី៥៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
-ទី៦៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
-ទី៧៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
-ទី៨៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
-ទី៩៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
-ទី១០៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស
-ទី១១៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។

សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយក្រុមគ្រួសារ ដែលបានបាត់បង់កូនៗ និងចៅៗជាទីស្រឡាញ់ នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សចេញពីសាលាទៅផ្ទះ នៅឃុំកំពង់ភ្នំ។

តាមរយៈសារតាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារ ដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ»។

សម្តេចបានបង្គាប់ឱ្យ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះឱ្យបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។

ជាមួយគ្នានេះ សម្តេចបានអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ខណៈទឹកទន្លេកំពុងហក់ឡើងខ្ពស់។
សូមបញ្ជាក់ផងដែរថា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ក្នុងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយឧបត្ថម្ភក្នុងកម្មវិធីបុណ្យតាមរយៈរដ្ឋបាលខេត្តកណ្តាល ក្នុង១សព ចំនួន ២០លានរៀល ដោយឡែកលោកស្រី ឃួន សុដារី ជួយឧបត្ថម្ភ១សព ១០០០ដុល្លារ ,លោកឧកញ៉ា ហេង រតនា ១សពឧបត្ថម្ភ ១០០០ដុល្លារ ៕ដោយ៖ សិរី នាគ

 

 

Check Also

រូបភាពរបស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ត្រូវបានជនអនាមិកយកទៅបង្កើតតេឡេក្រាមក្លែងក្លាយ

Leave a Reply

Your email address will not be published. Required fields are marked *