Breaking News

ទេសរដ្ឋមន្រ្តី លី ធុជ៖ រយៈពេល០២ខែ ការងារបោសសម្អាតមីន នៅតាមខេត្តគោលដៅ សម្រេចបានជាង៣១ ភាគរយ

ភ្នំពេញ៖ គិតត្រឹមរយៈពេល០២ ខែចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២២ ការងារ​បោសសម្អាត​មីនក្នុងខេត្តគោលដៅសម្រេចបាន ៣១,១៨ ភាគរយ ក្រោមគម្រោង​សម្តេចតេជោ​សម្រាប់​សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព ​បង្កើតស្នាមញញឹម” ។

ថ្លែងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានដាក់ពង្រាយកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ​ធ្វើការបោសសម្អាតមីននៅខេត្តចំនួន ០៥ ចាប់ពីថ្ងៃទី០១ ​ខែសីហា ឆ្នាំ២០២២ និង​ត្រៀមប្រកាសជាខេត្តអស់មីន ​ក្រោមគម្រោងសម្តេចតេជោ ដែលក្នុងនោះអង្គភាពស៊ីម៉ាក់ បាន​ដាក់ពង្រាយកម្លាំងសរុបចំនួន ៣៧ ក្រុម ​មានអ្នកជំនាញការឯកទេសកំចាត់មីនចំនួនជាង​ ៣៦០ នាក់ រួមទាំងសម្ភារគាំទ្រប្រតិបត្តិការ និងគ្រឿងចក្របោសសម្អាតមីន ផងដែរ។

ឯកឧត្តម បន្តទៀតថា ក្នុងទំហំផ្ទៃដី ៨.៧០៣.០៨២ ម៉ែត្រក្រឡា ដែលបានបោសសម្អាតរួច អង្គភាពស៊ីម៉ាក់ បានប្រតិបត្តិការរំដោះផ្ទៃដីមានមីនដែលបានដឹង​ ក្នុងខេត្តតាកែវ ចំនួន ២.៥១៥.២៦៩ ម៉ែត្រក្រឡា ស្មើនឹង ៦៩,៣៥ %, ខេត្តកំពង់ឆ្នាំង ចំនួន ៤៩៤.៥០០ ម៉ែត្រក្រឡា ស្មើនឹង ៧៩,០៥ %, ខេត្តកំពង់ចាម ចំនួន ៤៨០,៥២៩ ម៉ែត្រក្រឡា ស្មើនឹង ៣៩,៨៩ %, ខេត្តកំពត ចំនួន ១.៩៩២.១៥៧ ម៉ែត្រក្រឡា ស្មើនឹង ២០,៤១ % និងខេត្តស្វាយរៀង បាន ៣.២២០.៦២៧ ម៉ែត្រក្រឡា ស្មើនឹង ២៥,៣៦ %។

ឯកឧត្តម បញ្ជាក់បន្ថែមទៀតថា ការងារបោសសម្អាតមីន គ្រោងនឹងសម្រេចមុនផែនការកំណត់ ដែលក្នុងនោះ ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ នឹងក្លាយជាខេត្តអស់មីននៅចុងខែតុលានេះ ខេត្តកំពង់ចាម​ អាចអស់បញ្ហាគ្រាប់មីននៅចុងឆ្នាំ២០២២​ ។ ដោយឡែកខេត្តកំពត និងខេត្តស្វាយរៀង អាចបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២៣។

លទ្ធផលនៃការបោសសម្អាតមីននេះ ​បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាលកម្ពុជា ​ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការ​ដោះស្រាយ​បញ្ហាគ្រាប់មីន ​និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅសេសសល់ក្រោយសង្រ្គាម ​ដែលធនធានទាំងនេះ បាន​មកពីការបំផុសឲ្យមានចលនាជាតិលប់បំបាត់គ្រាប់មីនឲ្យអស់ក្នុងឆ្នាំ២០២៥ របស់​សម្តេចតេជោ។

ក្នុងរយៈពេលប្រតិបត្តិការ អង្គភាពស៊ីម៉ាក់បានជួបនូវ​ឧបសគ្គ​មួយចំនួន​ដោយសារកត្តា​គ្រោះ​ធម្មជាតិទឹកជន​លិចចម្ការមីននៅរដូវវស្សា ​ហើយនៅក្នុងករណី​គ្រោះធម្មជាតិនេះ អង្គភាពស៊ីម៉ាក់​បានធ្វើការផ្លាស់ប្តូរ​ចល័តកម្លាំងចូលចម្ការមីន​ដែលមិនលិចទឹក ចំពោះចម្ការមីនដែលមាន​ឧបសគ្គ​ទឹកលិចនឹងត្រូវឆ្លើយតបនៅពេលក្រោយ៕

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *