ភ្នំពេញ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ចាប់បញ្ជូនជន សង្ស័យជាក្មេងទំនើង៨នាក់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ក្រោយរងការបង្រ្កាបចាប់ខ្លួនជាបន្តបន្ទាប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញបន្ទាប់ពីក្មេងទំនើងសង្ស័យបានប្រើប្រាស់កាំបិតនិងដាវកែច្នៃកាប់ទៅលើក្មេង០១ក្រុមទៀតបណ្តាលឱ្យរងរបួសធ្ងន់០១នាក់ ខណៈពួកគេជិះម៉ូតូមើលមុខឌឺដាក់គ្នា នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងថា ការបង្រ្កាបចាប់ខ្លួនជនសង្ស័យក្មេងទំនើង៨នាក់គឺកម្លាំងនគរបាលអនុវត្តតាមបទបញ្ជាផ្ទាល់ពីសំណាក់ឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយអាណា ព្យាបាលជនរងគ្រោះ១នាក់ បានដាក់ពាក្យប្តឹងក្រុមជន សង្ស័យនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ។
លោកនាយការិយាល័យនគរបាលប្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញប្រាប់ឱ្យដឹងទៀតថា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ គឺមានក្មេងទំនើង១ក្រុមជិះម៉ូតូ៥គ្រឿងមានគ្នា១៣នាក់ បាននាំគ្នាជិះម៉ូតូចេញពីម្តុំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្នុងគោលបំណងមកដើរលេងនៅចំណុចអគារអ៊ីដេនហ្គាដេន ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ។ ខណៈដែលជនសង្ស័យជិះមកដល់ចំណុចអគារអ៊ីដេនហ្គាដេនក៏ជិះម៉ូតូជួបទល់មុខគ្នានឹងក្រុមក្មេងទំនើងជនរងគ្រោះដែលជិះម៉ូតូ៤គ្រឿង មានគ្នា៨នាក់ នៅពេលនោះពួកគេទាំង២ក្រុមបានមើលមុខគ្នារបៀបឌឺដងដាក់គ្នា រំពេច ក៏ស្រាប់ក្រុមក្មេងបង្កដៃដាល់បានជិះម៉ូតូដេញតាមក្រុមក្មេងរងគ្រោះ ខណៈនោះក៏មានម៉ូតូ០១គ្រឿងរបស់ក្មេងរងគ្រោះដួល ។
ក្រុមក្មេងបង្កក៏ទាញកាំបិតបុ័ងតោនិងដាវកែច្នៃ ដំបងរលាស់ ព្រួតគ្នាវាយនឹងកាប់ទៅលើក្មេងរងគ្រោះ០១នាក់មានឈ្មោះ អឿន សៀងហៃ ភេទប្រុសអាយុ១៩ឆ្នាំ ត្រូវចំដៃម្ខាង នឹងចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់ហើយក្រុម ក្មេងទំនើងបង្កក៏ដេញកាប់ទៅលើក្រុមក្មេងរងគ្រោះបណ្តាលឱ្យរងរបួសជាបន្តបន្ទាប់ទៀត។ ក្រោយពីបង្ករួចក្រុមក្មេងបង្កបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រាប់ឱ្យដឹងទៀតថា៖ ក្រោយពីកើតហេតុនោះហើយ ជនរងគ្រោះត្រូវបានមិត្ត ភក្តិដឹកយកទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-ចិន ។ លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ជន សង្ស័យបង្កក៏ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវនឹងបង្រ្កាបបានជា បន្តបន្ទាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សរុបចំនួន ៨នាក់ ក្នុងនោះដកហូតបានវត្ថុតាង ដាវកែច្នៃ០១ដើម កាំបិតបុ័ងតោ០២ដើម និងដំបងរលាស់០១ដើម។ក្នុងចំណោមជនសង្ស័យក្មេងបង្ក០៨នាក់គឺមាន០៥នាក់ជាសិស្សរៀននៅសាលាវិទ្យាល័យសន្ធរម៉ុក,វិទ្យាល័យ ជាស៊ីម សាមគ្គី,វិទ្យាល័យជម្ពូរវ័ន្ត និងវិទ្យាល័យអូរបែកក្អម។ ដោយឡែកបក្ខពួកដែលគេចខ្លួនកម្លាំងនគរបាលកំពុងបន្តស្វែងរកចាប់ខ្លួនយកមកអនុវត្តតាមច្បាប់៕