ខេត្តកណ្ដាល៖ អាជ្ញាធរស្រុកស្អាង ពិសេសកងកម្លាំងមាន សមត្ថកិច្ចទាំងអស់ ត្រូវបន្តចុះបង្ក្រាបល្បែងស៊ីសងទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន ដូចភ្លៀងរលឹម ដោយមិនត្រូវឱ្យមានបទល្មើសឬល្បែងស៊ីសងណាមួយកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។
នេះជាការលើកឡើងរបស់ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបល្បែងស៊ីសង ទូទាំងស្រុកស្អាង និងកិច្ចប្រជុំណែនាំម្ចាស់ដរវិនិយោគ ក្នុងភូមិសាស្ត្រស្រុកស្អាង នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកស្អាង។
ឯកឧត្តមអភិបាលរងខេត្ត បន្តថា ល្បែងស៊ីសងបានធ្វើឱ្យកើតមានឡើងនៅអំពើហិង្សា បែកបាក់គ្រួសារ ចោរកម្ម និងបទល្មើសនានានៅក្នុងមូលដ្ឋានរបស់យើង ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចទាំងអស់របស់រដ្ឋបាលស្រុកស្អាង ត្រូវបន្តចុះបង្ក្រាបរាល់ល្បែងស៊ីសងទាំងអស់ឱ្យបានដូចភ្លៀងរលឹម ធ្វើយ៉ាងណាកុំឱ្យស្រុកស្អាងមាននៅបទល្មើសឬល្បែងស៊ីសងឡើយ។
ឯកឧត្ដមអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរស្រុកស្អាង ត្រូវចុះពិនិត្យមិនអោយមានទីតាំងទទួលបញ្ចាំគ្មានច្បាប់អនុញ្ញាតឡើង ហើយចំពោះទីតាំងទទួលបញ្ចាំដែលមានច្បាប់ត្រូវអនុវត្តតាមច្បាប់ស្ដីពីស្ដីពីការស្នើសុំអាជ្ញាប័ណ្ណ ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់ម្ចាស់ដរវិនិយោគចំនួន១១ ទីតាំងក្នុងស្រុកស្អាង ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះដែរ ត្រូវធ្វើការពិនិត្យទូករបស់ខ្លួនឱ្យបានត្រឹមត្រូវ ដោយត្រូវមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ពិសេសទូកទាំងអស់ត្រូវធានាបាននូវគុណភាពល្អ ចៀសវាងមានករណីកើតឡើងណាមួយជាយថាហេតុ ដែលបណ្ដាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ ឬឈានដល់ការបាត់បង់នូវអាយុជីវិតមនុស្សផងដែរ។
ឯកឧត្តមអភិបាលរងខេត្ត បន្ថែមថា ម្ចាស់ទូកដរទាំងអស់ ត្រូវរៀបចំនូវពោងសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ សហការជាមួយមន្ត្រីជំនាញកំណត់ឱ្យបានច្បាស់នៅចំនួនមនុស្ស រថយន្ត ម៉ូតូ នៅលើទូកដររបស់ខ្លួន ធ្វើយ៉ាងណាមិនត្រូវឱ្យទូកដររបស់ខ្លួន ដាក់លើសទម្ងន់ឡើយ ដែលអាចបណ្ដាលឱ្យមានឧបទ្ទវហេតុណាមួយកើតឡើង។
សូមបញ្ជាក់ផងដែរថា លទ្ធផលចុះបង្ក្រាបបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្រស្រុកស្អាង បានចំនួន ១៧៨ ទីតាំង ក្នុងនោះឆ្នោតឡូតូចំនួន ១៤៤ទីតាំង និងជល់មាន់តាមទូរទស្សន៍ចំនួន ៣៤ ទីតាំង។ ជាមួយគ្នានេះដែរដរវិនិយោគទូទាំងស្រុកស្អាងមានចំនួន ១១ ទីតាំង ក្នុងនោះប្រភេទទកដរឈើមានចំនួន ១០ ទីតាំង និងសាឡាងចំនួន ១ ទីតាំង៕