ភ្នំពេញ- បុរសម្នាក់បានប្រកាច់ស្លាប់ភ្លាមៗ ខណ:ពេលកំពុងតែដើរស្រែកឡូឡានិងតំឡើងសាច់ដុំតាមផ្លូវ ដោយហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅផ្លូវបេតុង ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើមានឈ្មោះ ធី មករា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងពុម្ភ ស្នាក់នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេកើតហេតុជនរងគ្រោះខាងលើបានបាត់ពីផ្ទះ២ថ្ងៃមកហើយ លុះនៅមុនពេលកើតហេតុគេឃើញរូបគាត់ដើរដោះអាវស្លៀកខោខ្លី ហើយស្រែកឡូឡាពេញផ្លូវហើយតំឡើងបង្អួតសាច់ដុំដាក់គេឯងផងដែរ មួយសន្ទុះក្រោយមកស្រាប់តែដួលត្រលប់ត្រលិនបោកក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ទឹកថ្លាសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកម្លាំងការិយាល័យជំនាញបច្ចេកទេសកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅហ៊ុំព័ទ្ធទីតាំងកើតហេតុខាងលើនិងធ្វើការពិនិត្យសព ដោយសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថាសពបុរសខាងលើពិតជាដួលបោកក្បាលដាច់សសៃឈាមពិតប្រាកដមែន. ហើយសពត្រូវបានសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសាររបស់គាត់ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕