Breaking News

ក្រុមគ្រួសារបុរសពិការតស៊ូរកស៊ីដើររើស,ទិញអេតចាយចិញ្ចឹម គ្រួសារ នៅឃុំបែកចានទទួលបានអំណោយសប្បុរសធម៌

ខេត្តកណ្ដាល៖ ថ្មីៗក្រុមគ្រួសារបុរសពីកាជើងម្ខាងរស់នៅតំបន់បែកចានក្នុងស្រុកអង្គស្នួលទទួលបានអំណោយពីសប្បុរសជនបន្ទាប់ពីគេហទំព័រ អែស អរ អិន ផ្សព្វផ្សាយកាលពីខែមុន។ លោក និងក្រុមគ្រួសារបានសម្ដែងនូវអំណរគុណចំពោះម្ចាស់អំណោយ ដែលបាននៅពេលនេះបើទោះបីជាតិចតួចយ៉ាងណាក៏ដោយប៉ុន្តែវាបានរួមចំណែកដោះស្រាយជីវភាពគ្រួសាររបស់លោកបានមួយគ្រាដែរ។

ម្ចាស់អំណោយគឺលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងលោជំទាវគឹម ស៊ីវឡា ដែលបានឧបត្ថម្ភក្រុមគ្រួសារលោក លី ថា និងក្រុមគ្រួសារបានទៅដល់ផ្ទះជួលរបស់លោក លី ថា នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល។ អំណោយ ដែលផ្ដល់ជូននៅពេលនេះមានអង្ករមួយបាវទម្ងន់៥០Kg ,មី២កេះ ទឹកត្រីពីរយួរ ថវិកា២០ ម៉ឺនរៀល និងកង់មួយគ្រឿងសម្រាប់កូនស្រីជិះទៅសិក្សារៀនសូត្រ។

លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត បានផ្ដាំផ្ញើដល់ក្រុមគ្រួសារលោកលី ថា ខិតខំយកចិត្តទុកដាក់ថែទាំសុខភាពជាពិសេសកូនស្រីត្រូវខិតខំប្រឹងប្រែងរៀនសូត្រដោយពេលនេះបានកង់សំរាប់ជិះទៅរៀនសូត្រហើយ។ លោកបានសន្យាផ្ដល់សម្ភារៈសិក្សាបន្ថែមទៀតដល់កូនស្រីលោកលី ថា ចូលឆ្នាំសិក្សាថ្មី។

ក្រុមគ្រួសារលោកលីថា បានសម្ដែង នូវអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ ឡោម៉េងហួត និងលោកស្រី ដែលបានផ្ដល់ជូនអំណោយសប្បុរសធម៌នៅពេលនេះ។ រីឯក្មេងស្រីឈ្មោះសុខស្រីពេជ្រអាយុ ១៣ ឆ្នាំក៏បានបង្ហាញនូវមនុស្សសញ្ចេតនារំភើបរីករាយលាយឡំនឹងទឹកភ្នែកពេលបានកង់មួយគ្រឿងសម្រាប់ជិះទៅរៀនសូត្រនៅពេលនេះ។ នាងនិយាយថា នាងមិនដែលស្រមៃថានឹងបានកង់ជិះទៅរៀននោះទេ សព្វថ្ងៃនាងដើរទៅរៀននិងជួនកាលជិះកង់ជាមួយមិត្តភក្កិ។ ប៉ុន្តែចាប់ពីថ្ងៃនេះទៅនាងមានកង់ជិះនឹងគេនឹងឯង ទៅសាលាហើយ។

លោក លី ថា អាយុ៥៣ឆ្នាំបើទោះបីជាពិការជើងក៏ដោយក៏មិនចុះញ៉មនិងជីវិតនោះដែរ ពោលគឺបានខិតខំតស៊ូដើម្បីឲ្យជីវភាពគ្រួសារបានប្រសើរនិងពុះពារគ្រប់ឧបសគ្គដើម្បីឲ្យកូនស្រីតែមួយគត់បានសិក្សារៀន សូត្រក្រេបយកចំណេះវិជ្ជាពីព្រោះថា មានតែចំណេះវិជ្ជាប៉ុណ្ណោះដែលអាចធ្វើឲ្យអនាគតកូនស្រីបានល្អប្រសើរ។ បើទោះបីជាពីការជើងក៏ដោយក៏បុរសដែលមានអតីត ភាពជាកងកម្លាំងប្រដាប់អាវុធមួយរូបនេះមិនចុះញ៉មនិងជីវិតពោលគឺមិនលើកដៃសុំទានជិតដាច់ខាត។

រស់នៅជាមួយភរិយានិងកូនស្រីមួយលើដីជួលគេក្នុងមួយខែតម្លៃ៣០ដុល្លារស្ថិតនៅក្នុងភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល លោក លី ថា ប្រពន្ធឈ្មោះ ស្រី ពៅ មានមុខរបរដើររើសនិងទិញអេតចាយ។ លោកលីថា បានប្រាប់ថា លោកចេញពីផ្ទះនៅវេលាព្រលប់ជាមួយកូននិងប្រពន្ធដើម្បីមួយរករើសនិងទិញអេតចាយ ទៅរាជធានីភ្នំពេញហើយរហូតដល់វេលាយប់ជ្រៅទើបត្រឡប់ទៅវិញ។ ជូនការរហូតដល់ម៉ោង ១២ ឬម៉ោង ១រំលងអធ្រាត្របានទៅដល់ផ្ទះវិញ។

របរកស៊ីទិញលក់អេតចាយប្រឈមគ្រោះថ្នាក់នឹងហានិភ័យខ្ពស់ ពីព្រោះការធ្វើដំណើរនៅតាមផ្លូវពីយប់លំបាកខ្លាំងណាស់។ នៅតាមផ្លូវរថយន្តបើកបរពេលយប់លឿនៗដែលបង្កឱ្យមានការលំបាកសម្រាប់អ្នកពិការបើកបររ៉ីម៉កដូចលោក ។ ម្យ៉ាងទៀតរបរកស៊ីទិញលក់អេតចាយនេះចំណេញតិចតួចខ្លាំងណាស់។ តែយ៉ាងណាក៏ត្រូវខិតខំរកស៊ីចិញ្ចឹមជីវិតដើម្បីឱ្យកូនបានសិក្សារៀនសូត្រនឹងគេ។

កូនស្រីរបស់លោក លី ថា សព្វថ្ងៃនាងមានអាយុ១៣ឆ្នាំនិងជាសិស្សរៀនថ្នាក់ទី៣នៃសាលាបឋមសិក្សាគុយតិប ថិតក្នុងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល។ នាងត្រូវធ្វើដំណើរដោយថ្មើជើងចេញពីផ្ទះជួលទៅសាលា រៀនជារៀងរាល់ថ្ងៃដែលមានចម្ងាយជាង១គីឡូម៉ែត្រ។ យ៉ាងណាក៏ដោយនាងបានតស៊ូខិតខំរៀនសូត្រជាមួយ នឹងការប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យជីវិតប្រសើរឡើងដោយមិនឲ្យឪពុកម្ដាយខកចិត្តឡើយ។ ចាប់ពីពេលនេះតទៅនាងមានកង់សំរាប់ជិះទៅរៀនដូចមិត្តភក្កិនាងផ្សេងៗទៀតហើយ។

លោក លី ថា បាននិយាយថា បើទោះជាយ៉ាងណាក៏ ដោយលោកមិនចុះញ៉ម,មិនព្រមចុះចាញ់និងព្រហ្ម លិខិតនោះទេគឺត្រូវតែប្រឹងប្រែងខិតខំប្រកបរបរចិញ្ចឹមជីវិត បើទោះបីជាមានការលំបាកយ៉ាងក្តី។ សព្វថ្ងៃនេះគ្រួសាររបស់លោកមានជីវភាពខ្វះខាតនិងជួបប្រទះនឹងការលំបាកជាខ្លាំងនៅក្នុងរបបរកស៊ីចិញ្ចឹមជីវិតពីព្រោះថាមុខរបរទិញអេតចាយនេះមិនជាចំណេញប៉ុន្មាននោះឡើយ។ ណាមួយត្រូវចំណាយទៅលើថ្លៃជួលដីគេសម្រាប់ស្នាក់នៅ និងណាមួយត្រូវផ្គត់ផ្គង់ម្ហូបអាហារគ្រួសារប្រចាំថ្ងៃជាពិសេសគឺសម្រាប់ការៀនសូត្ររបស់កូន៕ដោយ៖ សិរី នាគ

Check Also

សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនប្រជាពលរដ្ឋ និងព្រះសង្ឃ ១០អង្គ/នាក់ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងឱ្យត្រលប់ទៅលំនៅឋានវិញរៀងៗខ្លួន!

Leave a Reply

Your email address will not be published. Required fields are marked *