ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៣០ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារអញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាប្រពលរដ្ឋចាស់ជរាទុរគត១២គ្រួសារជាមួយនឹងការនាំយកអំណោយប្រគល់ជូនផ្ទាល់ដៃនៅតាមខ្នងផ្ទះ នៅក្នុងសង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងការបង្ហាញនូវទឹកចិត្តប្រកបដោយមនោសញ្ចេតនាអាណិតស្រាញ់គិតគូរសុខទុក្ខនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមបញ្ហាលំបាកក្នុងជីវភាព។
ឧត្តមសេនីយ៍ឯក ស ថេត ក៏បានសំណេះ សំណាល ហើយលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំង១២គ្រួសារ ត្រូវបន្តការខិតខំប្រឹងប្រែងតស៊ូក្នុងជីវិតដោយកុំអស់សង្ឃឹម ជាពិសេសប្រឹងប្រែងប្រកបមុខចិញ្ចឹមជីវិត ដើម្បីឱ្យជីវភាពប្រសើរឡើង ជាមួយគ្នានោះក៏ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ គឺតែងតែណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក៏ដូចជាក្រុមការងារចុះជួយតាមមូលដ្ឋាន ពិនិត្យដោះស្រាយប្រជាពលរដ្ឋក្រីក្រដោយមិនឱ្យដាច់បាយស្លាប់នោះទេ ។ ជាក់ស្តែងនៅថ្ងៃនេះក្រោយពីឯកឧត្តមទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋាននិងក្រុម ការងារដឹងថាមានប្រជាពលរដ្ឋមានបញ្ហាលំបាកក៏បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយនិងថវិកាមួយចំនួនប្រគល់ជូនបងប្អូនដើម្បីរួមចំណែកជួយដោះស្រាយជីវភាពបានមួយកម្រិត។
ឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើងទៀតថា ៖កិច្ចការងារសប្បុរសនេះគឺក្រុមការងារនិងអាជ្ញាធរបានធ្វើជាបន្តបន្ទាប់រួចមកហើយ ជាពិសេសនៅតែបន្តជួយបងប្អូនថែមទៀត ក្នុងការជួយដល់ប្រជាពលរដ្ឋក្រខ្សត់។ ជាងនេះលោកក៏តែងតែណែនាំជាប្រចាំដល់អាជ្ញាធរមូលដ្ឋាសង្កាត់បឹងទំពន់ទី១ និងបឹងទំពន់ទី២ ក៏ដូចជាក្រុមការងារត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋក្រីក្រ ហើយត្រូវចុះត្រួតពិនិត្យតាមខ្នងផ្ទះរកមើលប្រជាពលរដ្ឋក្រីក្រនិងជួបការលំបាក នឹងនាំយកអំណោយជាស្បៀងអាហារដើម្បីឧបត្ថម្ភជូនពួកគាត់។
នៅក្នុងកាសនោះប្រជាពលរដ្ឋក៏បានថ្លែង អំណរគុណ យ៉ាងជា្រលជ្រៅបំផុតចំពោះឧត្តមសេនីយ៍ឯក ស ថេត និងក្រុមការងារ ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងបានអញ្ជើញមកសាកសួរសុខទុក្ខពួកគាត់ដល់ខ្នងផ្ទះ នេះជាកាយវិកាដ៏សប្បុរសប្រកប ដោយមេត្តាករណា ចំពោះប្រជាពលរដ្ឋក្រខ្សត់ ដូចពួកគាត់។
សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋចាស់ជរាទុរគតទាំង១២ គ្រួសារខាងលើ ទទួលបានអំណោយឧបត្ថម្ភ នូវថវិកាចំនួន ១០ម៉ឺនរៀល អង្ករ២ការ៉ុង ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ត្រីខ ទឹកត្រី និងទឹកស៊ីអ៊ីវផងដែរ។
នៅក្នុងឱកាសនោះដែរឯកឧត្តមក៏បានចុះពិនិត្យផ្លូវបេតុងដែលឯកឧត្តមបានជួយកសាងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើនេះផងដែរ។ នៅពេលដែលចុះពិនិត្យស្ថានភាពផ្លូវក្នុងមូលដ្ឋានខាងលើឯកឧត្តម ឧត្តម សេនីយ៍ឯក ក៏បានជួបពិធីបុណ្យសពមួយ ឯកឧត្តមក៏ បានចូលបុណ្យ៥០ម៉ឺនរៀលផងដែរ៕