ភ្នំពេញ៖ យោងតាមប្រភពច្បាស់ការមួយ បានបញ្ជាក់ថា យ៉ាង ហោចណាស់មានពលរដ្ឋ ៦នាក់បានដាក់ពាក្យប្ដឹងលោកឧត្តមសេនីយ៍ឯក គង់ ទីលីន អគាធិការរង នៃក្រសួងមហាផ្ទៃ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) ដោយចោទប្រកាន់លោកថា ជាអ្នកនៅពីក្រោយក្រុមហ៊ុនឌួង ខូសស្មិកទិក លក់សាប៊ូបំបាត់ស្កូវ ម៉ាក មូគីរ៉ុ។
យោងតាមពាក្យបណ្ដឹងដែល អែស អរ អិន ទើបទទួលបាន អះអាងថា លោកឧត្តមសេនីយ៍ឯក គង់ ទីលីន បានទទួលយកប្រាក់ចំនួន ៥០០ដុល្លារក្នុងមួយខែៗ និងភាគហ៊ុនចំនួន ១០ភាគរយ ពីក្រោយក្រុមហ៊ុនឌួង ខូសស្មិកទិក ដែលមានឈ្មោះ ឌួង ចំរើន ហៅ លី ហួ ជាម្ចាស់។
បណ្ដឹងដដែល បន្ថែមថា ម្ចាស់ក្រុមហ៊ុន ឌួង ខូសស្មិកទិក បានយកឈ្មោះ លោកឧត្តមសេនីយ៍ឯក គង់ ទីលីន ដែលជាសាច់ញាតិ (ទ្រា) ទៅប្រើប្រាស់ដើម្បីគំរាមកំហែងបុគ្គលិកផ្នែកលក់ណាដែលមិនព្រមស្ដាប់បញ្ជាថែមទៀតផង។
ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ឯក គង់ ទីលីន បានប្រាប់ អ្នក សារព័ត៌មាន នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា លោកមិនមានទំនាក់ទំនងអ្វីជាមួយក្រុមហ៊ុន ឌួង ខូសស្មិកទិក នោះទេ។
រូបលោកឧត្តមសេនីយ៍ឯក គង់ ទីលីន
លោកឧត្តមសេនីយ៍ឯក គង់ ទីលីន បញ្ជាក់ថា៖ « ទី១ ខ្ញុំ! អត់មានទំនាក់ទំនងជាមួយក្រុមហ៊ុនហ្នឹង!ទាល់តែសោះ អត់សាច់ញាតិ ស្អីៗទាំងអស់។ ទី២ខ្ញុំ! ពុំដែលប្រើប្រាស់តួនាទី ភារកិច្ចរបស់ខ្ញុំ ទៅធ្វើអ្វីដែលខុសច្បាប់! គឺអត់ទេ។ ទី៣ បើក្រុមហ៊ុន ប្រើឈ្មោះខ្ញុំ មិនពិតខ្ញុំនឹងប្ដឹងក្រុមហ៊ុនគាត់តែម្ដង» ។
អ្នកសារព័ត៌មាន បានព្យាយាមសុំការបញ្ជាក់ពីម្ចាស់ក្រុមហ៊ុន ឌួង ខូសស្មិកទិក តាមរយៈលេខទូរស័ព្ទ ០១០ ៥៥៥៥ ១០ ប៉ុន្ដែមិនអាចទាក់ទងបាននោះទេ នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕SRN